ព័ត៌មានជាតិ

កម្ពុជា និងឆែក ប្ដេជ្ញាបំពេញបន្ថែមជាមួយគ្នានូវទំនាក់ទំនងលើវិស័យសំខាន់ៗ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយឆាប់ៗនេះអ្នកវិនិយោគឆែក និងមកវិនិយោគលើផ្នែកកសិកម្មនៅម្ពុជា

image


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន រំលេចថា សក្កានុពលសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា-ឆែក នៅមានចន្លោះជាច្រើនដែលអាចបំពេញជាមួយគ្នាឲ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយនៃប្រទេសទាំងពីរដែលមានភាពយូរអង្វែងល្អប្រសើរ ខណ:ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ថា ក្នុងពេលឆាប់ៗអ្នកវិនិយោគឆែក នឹងមកធ្វើការវិនិយោគនៅកម្ពុជាផ្នែកកសិកម្មពិសេសនោះគឺទៅលើផ្នែកម្រេច។

មានប្រសាសន៍បែបនេះនាឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ការមកដល់របស់ លោកជំទាវ Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក នៅកម្ពុជានាពេលនេះ ដោយសម្ដេចតេជោបានចាត់វត្ដមានរបស់លោកស្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ដែលមានការតែងតាំងយ៉ាងឆាប់រហ័សនេះ ជាការបង្ហាញយ៉ាងច្បាស់ពីរការផ្ដលើតម្លៃពីសាធារណរដ្ឋឆែក មកកម្ពុជា។

សម្ដេចតេជោ ថ្លែងបន្ដថា កម្ពុជា និងឆែក មានទំនាក់ទំនងជាប្រវត្ដិសាស្រ្ដជាមួយគ្នាដ៏យូរអង្វែង ដោយព្រះមហាក្សត្ររបស់កម្ពុជា ព្រះអង្គក៏ធ្លាប់បានសិក្សានៅសាធារណរដ្ឋឆែកផងដែរ ដែលនេះជានិមិត្ដរូបនៃទំនាក់ទំនងប្រទេសទាំងពីរ។
នាឱកាសនោះ លោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំនៅកម្ពុជា ក៏បានសម្ដែងការអរគុណដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកស្រី និងសហការចូលជួបសម្ដែងការគួរសម។
លោកជំទាវមានប្រសាសន៍ថា ក្នុងអាណាត្ដិ ដែលលោកស្រីបំពេញកិច្ចការងារនៅកម្ពុជានឹងធ្វើយ៉ាងណាជំរុញទំនាក់ទំនងកម្ពុជា-ឆែក ឲ្យកាន់តែរីកចម្រើន ល្អប្រសើរ ពិសេសទាក់ទងនិងការធ្វើពាណិជ្ជកម្ម វិនិយោគ ដោយលោកស្រីបានប្ដេជ្ញាចិត្ដ ខិតខំប្រឹងប្រែង គៀងគរអ្នកវិនិយោគរបស់ឆែកឲ្យមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាឲ្យតែច្រើនឡើង។

បន្ថែមពីនេះលោកស្រី បានលើកឡើងថា នាពេលខាងមុខអ្នកវិនិយោគឆែក នឹងមកធ្វើការវិនិយោគនៅកម្ពុជាផ្នែកកសិកម្មពិសេសនោះគឺទៅលើផ្នែកម្រេច នៅកម្ពុជា ដែលនេះជាសញ្ញាវិជ្ជមានបង្ហាញពីទំនាក់ទំនងដ៏ល្អ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយដែលប្រទេសទាំងពីរមានជាមួយគ្នា។

លោកស្រីបានរំលេចថា នៅក្នុងខួបឱកាសខួប ៧៥ លោកស្រីនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកកាន់កម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងក្ដីពេញចិត្ដជុំវិញការលើកឡើងរបស់លោកជំទាវ ដោយសម្ដេចតេជោ ក៏បានរំលេចថា សក្កានុពលសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រទេសទាំងពីរគឺនៅមានចន្លោះជាច្រើនដែលអាចបំពេញជាមួយគ្នាឲ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយនៃប្រទេសទាំងពីរដែលមានភាពយូរអង្វែងល្អប្រសើរ។

សម្ដេចតេជោសង្ឃឹមថា សាធារណរដ្ឋឆែក នឹងធ្វើយ៉ាងណាចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អក្នុងការពង្រីកទំនាក់ទំនង រួមទាំងពាណិជ្ជកម្មនានា ដែលអាចធ្វើជាមួយគ្នា។ ក្រៅតែពីដៃគូទំនាក់ទំនងការងាររវាងកម្ពុជា និងឆែក ប្រទេសទាំងពីរក៏ជាដៃគូក្នុងក្របខ័ណ្ឌនៃសមាជិកអាស៊ាន ឯសាធារណរដ្ឋឆែកនៅក្នុងសាធារណរដ្ឋអឺរ៉ុប។ ដូច្នេះសក្ដានុពលទាំងទ្វេរភាគី និងពហុភាគី គឺអាចធ្វើជាមួយគ្នាច្រើន នឹងអាចញុំាងផ្លែផ្កាដល់តំបន់ទាំងពីរផង និយាយជារួមអាចផ្ដល់ផលប្រយោជន៍ទាំងសងខាង៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម; ង៉ាន់ សំណាង