ជនជាតិសិង្ហបុរី នៅតែធ្វើដំណើរទៅកាន់រដ្ឋចូហ័រ ព្រំដែនម៉ាឡេស៊ី ដោយសារតែការចំណាយទាប
ម៉ាឡេស៊ី-សិង្ហបុរី៖ ទោះបីជារូបិយប័ណ្ណរីងហ្គីត (Ringgit) របស់ម៉ាឡេស៊ីបានឡើងថ្លៃជាងមុនក៏ដោយ ក៏ជនជាតិសិង្ហបុរីនៅតែបន្តធ្វើដំណើរទៅកាន់រដ្ឋចូហ័រ (Johor) ជាពិសេសទីក្រុងចូហ័របារូ (Johor Bahru) ដើម្បីទិញទំនិញ ម្ហូបអាហារ និងកម្សាន្តដែលមានតម្លៃសមរម្យ។ មនុស្សជាច្រើន និយាយថា ទោះបីជាថ្លៃលុយខុសគ្នាបន្តិចមែន តែម៉ាឡេស៊ីនៅតែមានតម្លៃធូរថ្លៃជាងសិង្ហបុរី ។
ភ្ញៀវទេសចរនិយាយថា ការចំណាយប្រចាំថ្ងៃដូចជា ការដើរផ្សារ ថ្នាក់រៀន និងអាហារគឺនៅតែថោកជាងនៅផ្នែកម្ខាងទៀតនៃព្រំដែន។ អ្នកបម្រើការនៅក្នុងសណ្ឋាគារ និងបដិសណ្ឋារកិច្ចទេសចរណ៍នៅរដ្ឋចូហ័រ (Johor) ក៏បានរាយការណ៍ដែរថា តម្រូវការពីជនជាតិសិង្ហបុរីនៅតែមានចំនួនច្រើនដដែល ទោះបីភ្ញៀវមកពីឥណ្ឌូណេស៊ី និងថៃបានថយចុះបន្តិចក៏ដោយ ។
ចូហ័រ (Johor) នៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយមានមនុស្សរាប់សែននាក់ឆ្លងកាត់ស្ពានព្រំដែនជារៀងរាល់ថ្ងៃ។ ជនជាតិសិង្ហបុរី បង្កើតបានជាតួលេខភ្ញៀវទេសចរមួយភាគធំ ហើយគេរំពឹងថា នឹងមានភ្ញៀវកាន់តែច្រើនឡើងបន្ថែមទៀត នៅពេលដែលផ្លូវរថភ្លើងល្បឿនលឿន ចូហ័របារូ-សិង្ហបុរី (Johor Bahru–Singapore) RTS បើកដំណើរការនៅឆ្នាំ ២០២៦ ។
ជនជាតិសិង្ហបុរីជាច្រើនចូលចិត្តធ្វើដំណើរវិលល្ងាច ដើម្បីទិញគ្រឿងទេស មើលកុន និងប្រើប្រាស់សេវាវេជ្ជសាស្ត្រ ដែលត្រូវចំណាយថវិកាតិចជាងនៅសិង្ហបុរីគួរសមដែរ។ មនុស្សមួយចំនួននិយាយថា ពួកគេប្រហែលជាទៅលេងនៅម៉ាឡេស៊ីតិចជាងមុន ប្រសិនបើលុយរីងហ្គីតឡើងថ្លៃខ្លាំងជាងនេះ ប៉ុន្តែសម្រាប់ពេលនេះ រដ្ឋចូហ័រ (Johor) នៅតែត្រូវបានចាត់ទុកថាជាទីកន្លែងដែលមានតម្លៃសមរម្យសម្រាប់ការចាយវាយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express/ The Straits Times | រូបភាព-Photo៖ Reuters/ Yusof Mat Isa via Malay Mail/ SHINTARO TAY via The Straits Times