តម្លៃប្រេងនៅតែមានលំនឹង ទោះបីជាមានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើទីតាំងថាមពលរបស់រុស្ស៊ីក៏ដោយ
អន្តរជាតិ៖ នៅថ្ងៃអង្គារនេះ តម្លៃប្រេងនៅតែរក្សាលំនឹង ខណៈអ្នកជួញដូរកំពុងតាមដានហានិភ័យសំខាន់ៗមួយចំនួន រួមមានទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់អ៊ុយក្រែនលើទីតាំងថាមពលរបស់រុស្ស៊ី និងភាពតានតឹងដែលកំពុងកើនឡើងរវាងសហរដ្ឋអាម៉េរិក និងប្រទេសវេណេហ្ស៊ូអ៊ីឡា។ ប្រេងឆៅប្រភេទប្រេន (Brent) និង WTI បានឡើងថ្លៃបន្តិចបន្តួច បន្ទាប់ពីឡើងខ្លាំងជាង ១% កាលពីមួយថ្ងៃមុន ។
ការដឹកជញ្ជូនប្រេងបានដំណើរការឡើងវិញខ្លះៗនៅកំពង់ផែសមុទ្រខ្មៅ ដែលរងការវាយប្រហារដោយដ្រូនអ៊ុយក្រែន ប៉ុន្តែមានកន្លែងផ្ទុកប្រេងមួយនៅកំពង់ផែនោះនៅតែខូចខាត។ អ្នកវិភាគនិយាយថា ជម្លោះដែលកំពុងបន្តធ្វើឱ្យការចរចាសន្តិភាពពិបាកនឹងកើតឡើង ហើយអាចរុញច្រានតម្លៃប្រេងឥន្ធនៈឱ្យឡើងខ្ពស់។ ទន្ទឹមនឹងនោះ លោកហ្សេលែនស្គី (Zelenskyy) បានបញ្ជាក់ថា បញ្ហាទឹកដីនៅតែជាចំណុចពិបាកដោះស្រាយបំផុត ។
ជាងនេះទៀត ភាពតានតឹងរវាងសហរដ្ឋអាម៉េរិកនិងវេណេហ្ស៊ូអ៊ីឡា ក៏បានបន្ថែមភាពមិនច្បាស់លាស់ដល់ទីផ្សារប្រេងផងដែរ។ អ្នកវិភាគព្រមានថា ភាពវឹកវរនៅទីនោះអាចប៉ះពាល់ដល់ការផលិត និងការនាំចេញប្រេង។ ក្នុងពេលដំណាលគ្នា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Trump) បានពិភាក្សាអំពីការដាក់សម្ពាធខ្លាំងជាងមុនលើវេណេហ្ស៊ូអ៊ីឡា ហើយនិយាយថា ដែនអាកាសរបស់ពួកគេគួរតែត្រូវ «បិទ» ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ ។
ដោយឡែក ក្រុម OPEC+ បានសម្រេចចិត្តរក្សាការបង្កើនផលិតកម្មប្រេងមកនៅត្រឹមកម្រិតតិចតួចប៉ុណ្ណោះសម្រាប់ខែធ្នូ ហើយនឹងផ្អាកការបង្កើនផលិតកម្មប្រេងនៅដើមឆ្នាំក្រោយ ដោយសារតែក្តីបារម្ភអំពីការផ្គត់ផ្គង់លើសកម្រិត។ បន្ថែមពីនេះ ការរំពឹងទុកមិនច្បាស់លាស់អំពីស្តុកប្រេងឥន្ធនៈនៅសហរដ្ឋអាម៉េរិកក៏បានជះឥទ្ធិពលផងដែរដល់តម្លៃប្រេង ដោយគេរំពឹងថាស្តុកប្រេងឆៅនឹងធ្លាក់ចុះ ប៉ុន្តែស្តុកផលិតផលចម្រាញ់អាចនឹងកើនឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព-Photo៖ Stringer via REUTERS on CNA/ The Star