ព័ត៌មានជាតិ

រាជធានីភ្នំពេញ និងខេត្តហ្វ៊ូជៀន បានឯកភាពគ្នា ក្នុងបង្កើតឲ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ដើម្បីជំរុញទំហំនៃការវិនិយោគ

image


ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយលោក ហ្វាង ឈុន (Huang Chun) ) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនា នៃសភាប្រជាជនខេត្តហ៊្វូជៀន ប្រទេសចិន។
សូមរំលឹកថា ខេត្តហ៊្វូជៀន និងរាជធានីភ្នំពេញ ជាខេត្តមួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីឆ្នាំ២០២១ ហើយនឹងបានបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀន បានវិនិយោគទុនច្រើនហើយនៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញ មានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញ នឹងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ-ចូល ដោយកម្ពុជា បានកំពុងជីកព្រែកហ្វូណនតេជោ ដែលទំនិញទាំងនោះ នឹងត្រូវដឹកបញ្ជូនតាមផ្លូវទឹកនេះនាពេលខាងមុខ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុលើការវិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋដែលមានអាយុ៣៥ ឆ្នាំចុះ មានប្រមាណជា៦០%ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់បំរើលើវិស័យនេះ។ លោក ស្នើរសុំឱ្យខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្រាប់រាជធានីភ្នំពេញ ការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៥លានដុល្លារ គឺរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិសម្រេចក្នុងការវិនិយោគនេះ។
ជាការឆ្លើយតប លោក ហ្វាង ឈុន បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តហ្វ៊ូជៀនផងដែរ ដោយបញ្ជាក់ថា ខេត្តនេះ គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រវែង មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន ៤២លាននាក់។ សម្រាប់ GDP ខេត្តនៅក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់ប្រមាណ ៥៧០០ប៊ីលានយន់ ឬស្មើនឹង ៩០០ប៊ីលានដុល្លារ។ ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល ៤.៨ម៉ឺនយន់ ឬស្មើនឹង ៨០០០ដុល្លារសហរដ្ឋអាមេរិក។
លោក ហ្វាង ឈុន បានបន្តថា ក្នុងរយៈពេល ៨ខែនេះ ខេត្តហ្វ៊ូជៀន បាននាំទំនិញចូលមកកម្ពុជា ចំនួន៦ពាន់លានយន់ កើនឡើង ២៣% បើកធៀបឆ្នាំ២០២៤។ ខេត្តហ្វ៊ូជៀន គឺជាខេត្តមួយដែលលោកប្រធានាធិបតីចិន លោក ស៊ី ជិងពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះដែរ ហើយខេត្តហ្វ៊ូជៀន ក៏ជាខេត្តដែលផលិត និងនាំរថយន្តអគ្គិសនីចេញ ទៅលក់នៅក្រៅប្រទេសច្រើនផងដែរ។
ជុំវិញការស្នើសុំឲ្យមានការវិនិយោគនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើន លោក ហ្វាង ឈុន បានមានប្រសាសន៍ថាប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះលោក ជំរុញឲ្យវិនិយោគគិនទាំងអស់ បន្តការផ្សព្វផ្សាយ និងគៀងគរអ្នកវិនិយោគទុននៅខេត្តហ្វ៊ូជៀន ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។
លោកបញ្ជាក់ថា ជនជាតិចិននៅទីក្រុងហ្វ៊ូជៀន បានមករកស៊ីនៅកម្ពុជា មានប្រមាណជាង ២០ម៉ឺននាក់ ស្មើនឹងជាង ១០០ក្រុមហ៊ុន។ ដើម្បីជំរុញឲ្យការវិនិយោគកាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញ និងខេត្តហ្វ៊ូជៀនបានឯកភាពគ្នា ក្នុងបង្កើតឲ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕