ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី បើកទិដ្ឋាការសេរីទៅវិញទៅមកដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជនទាំងសងខាង

image


ចិន-រុស្ស៊ី៖ ប្រទេសចិន បានស្វាគមន៍គោលការណ៍ថ្មីរបស់រុស្ស៊ីស្តីពីការលើកលែងទិដ្ឋាការ (visa-free) សម្រាប់ពលរដ្ឋចិន ដោយហៅសកម្មភាពនេះថាជាជំហានដ៏សំខាន់មួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គោលការណ៍នេះត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី ពុទីន ដែលអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនចិនអាចស្នាក់នៅក្នុងប្រទេសរុស្ស៊ីបានរហូតដល់ ៣០ ថ្ងៃ សម្រាប់ទេសចរណ៍ ជំនួញ ទៅលេងក្រុមគ្រួសារ ឬព្រឹត្តិការណ៍វប្បធម៌ជាដើម។ ការអនុវត្តនេះនឹងត្រូវសាកល្បងរហូតដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦។ ដោយសារតែប្រទេសចិនបានលើកលែងទិដ្ឋាការដល់ជនជាតិរុស្ស៊ីរួចហើយ ដូចនេះកិច្ចព្រមព្រៀងចុងក្រោយ គឺមានលក្ខណៈបែបលើកលែកទិដ្ឋាការទៅវិញទៅមក ។

ប្រជាជននៅក្នុងប្រទេសចិន បានសម្ដែងនូវអារម្មណ៍រំភើប ជាពិសេសអ្នកនៅតាមទីក្រុងព្រំដែន ដូចជា ទីក្រុងស៊ុយហ្វិនហេ (Suifenhe) និងកន្លែងធ្វើដំណើរធំៗ ដូចជាអាកាសយានដ្ឋានរដ្ឋធានីប៉េកាំង។
អ្នកធ្វើដំណើរ និងម្ចាស់អាជីវកម្មនិយាយថា គោលការណ៍នេះធ្វើឱ្យការធ្វើដំណើរកាន់តែមានភាពរហ័ស ធូរថ្លៃ និងងាយស្រួលជាងមុន ហើយនឹងជួយឱ្យវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការទិញទំនិញ និងការផ្លាស់ប្តូរវប្បធម៌កាន់តែរីកចម្រើន។ មនុស្សជាច្រើនជឿថា វានឹងបង្កើតឱកាសអាជីវកម្មថ្មីៗ និងជួយឱ្យប្រទេសទាំងពីរយល់ពីគ្នាបានកាន់តែច្បាស់ ។

ថ្នាក់ដឹកនាំអាជីវកម្ម ក៏បានកោតសរសើរផងដែរចំពោះគោលការណ៍នេះ ដោយនិយាយថា វាបង្ហាញពី ទំនុកចិត្តខ្លាំង រវាងចិន និងរុស្ស៊ី។ ពួកគេកត់សម្គាល់ថា វានឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើដំណើរមានសកម្មភាពមមាញឹកជាងមុន កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងបង្កើនប្រសិទ្ធភាពការងារ។ ប្រជាជនដែលរស់នៅទីនោះ និយាយថា ការធ្វើដំណើរកាន់តែងាយស្រួលនឹងជួយលុបបំបាត់គំនិតមើលងាយគ្នា និងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។

ក្រៅពីរឿងទិដ្ឋាការ ប្រទេសចិន បានរិះគន់ប្រទេសជប៉ុនចំពោះការលើកឡើងពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយចោទប្រកាន់ទីក្រុងតូក្យូថា «កំពុងព្យាយាមគេចវេសពីទំនួលខុសត្រូវប្រវត្តិសាស្ត្រ អំពីសង្គ្រាមលោកលើកទី២ និងព្រមានជប៉ុនឱ្យគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ។
គួររម្លឹកថា ភាពតានតឹងនេះបានកើនឡើង បន្ទាប់ពីជប៉ុនបានលើកឡើងថា ខ្លួនអាចនឹងចូលធ្វើអន្តរាគមន៍ប្រសិនបើចិនប្រើកម្លាំងយោធានៅជុំវិញកោះតៃវ៉ាន់ ខណៈប្រទេសចិននិយាយថា ជប៉ុនគួរតែពិចារណាឡើងវិញនូវកំហុសរបស់ខ្លួន និងបញ្ឈប់សកម្មភាពដែលធ្វើឱ្យខូចទំនុកចិត្តរវាងភាគីទាំងសងខាង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Shutter Stock