ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោកណេតាន់យ៉ាហ៊ូ ចង់ឱ្យប្រទេសស៊ីរីបង្កើតតំបន់គ្មានយោធា

image


អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និយាយថា អ៊ីស្រាអ៊ែលចង់ឱ្យប្រទេសស៊ីរីបង្កើតតំបន់គ្មានកងទ័ព ដែលលាតសន្ធឹងចាប់ពីរដ្ឋធានីដាម៉ាស (Damascus) រហូតដល់តំបន់ភ្នំហឺម៉ូន (Mount Hermon)។ លោកបានថ្លែងបែបនេះ ខណៈដែលលោកទៅសួរសុខទុក្ខទាហានបម្រុងអ៊ីស្រាអ៊ែលដែលរងរបួស នៅឯមណ្ឌលពេទ្យក្នុងក្រុងរ៉ាម៉ាត់ហ្គាន (Ramat Gan) កាលពីពេលថ្មីៗនេះ ។

លោកបានរៀបរាប់ទៀតថា កងទ័ពអ៊ីស្រាអ៊ែលកំពុងគ្រប់គ្រងតំបន់មួយចំនួន ដើម្បីការពារពលរដ្ឋអ៊ីស្រាអ៊ែល។ លោកនិយាយថា អ៊ីស្រាអ៊ែលបើកចំហចំពោះកិច្ចព្រមព្រៀងជាមួយប្រទេសស៊ីរី ប៉ុន្តែនឹងមិនផ្លាស់ប្តូរតម្រូវការសំខាន់ៗខាងផ្នែកសន្តិសុខរបស់ខ្លួនឡើយ ។

លោកណេតាន់យ៉ាហ៊ូ ក៏បានបន្ថែមដែរថា អ៊ីស្រាអ៊ែលនឹងបន្តការពារសហគមន៍តាមព្រំដែន ដោយបញ្ឈប់ក្រុមភេរវករមិនឱ្យចូលមកក្បែរព្រំដែន ការពារសម្ព័ន្ធមិត្តនៃសហគមន៍ឌ្រូស (Druze) និងទប់ស្កាត់ការវាយប្រហារពីតំបន់ស្ថិតនៅក្បែរអ៊ីស្រាអ៊ែល ។

រហូតមកដល់ពេលនេះ ប្រទេសស៊ីរីមិនទាន់បានឆ្លើយតបនឹងការលើកឡើងរបស់លោកណេតាន់យ៉ាហ៊ូនៅឡើយទេ ខណៈសេចក្តីថ្លែងការណ៍ខាងលើបានកើតឡើងភ្លាមៗ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែលនៅតំបន់បេតជីន (Beit Jinn) បានសម្លាប់មនុស្ស ១៣នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ ចាប់តាំងពីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ស៊ីរីឡើងកាន់អំណាចក្នុងឆ្នាំ ២០២៤ មក អ៊ីស្រាអ៊ែលបានបង្កើនវត្តមានយោធារបស់ខ្លួននៅភាគខាងត្បូងប្រទេសស៊ីរី ហើយការវាយប្រហារបានកើតមានឡើងជាបន្តបន្ទាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Pixels