ស្រីលង្កាត្រូវការថវិកា ៧ពាន់លានដុល្លារដើម្បីស្ដារតំបន់រងគ្រោះឡើងវិញ ក្រោយគ្រោះមហន្តរាយធម្មជាតិសម្លាប់មនុស្ស ៤៦៥នាក់
ស្រីលង្កា៖ អាជ្ញាធរស្រីលង្កា និយាយថា ប្រទេសនេះត្រូវការទឹកប្រាក់ក្នុងទំហំប្រមាណជា ៧ ពាន់លានដុល្លារអាម៉េរិក ដើម្បីស្តារតំបន់រងផលប៉ះពាល់ឡើងវិញ បន្ទាប់ពីព្យុះស៊ីក្លូនឌីតវ៉ាហ៍ (Ditwah) បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដីយ៉ាងខ្លាំងក្លា ។
គ្រោះមហន្តរាយធម្មជាតិដ៏សាហាវនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦៥នាក់ ហើយប្រហែល ៣៦៦នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ។ ទន្ទឹមនឹងនោះ មនុស្សជាង ១,៥ លាននាក់ទទួលរងនូវផលប៉ះពាល់ ហើយតំបន់ជាច្រើនស្ថិតនៅតំបន់ភ្នំភាគកណ្តាលនៅតែពិបាកសម្រាប់ក្រុមជួយសង្គ្រោះក្នុងការធ្វើដំណើរទៅឱ្យដល់ទីតាំងរងផលប៉ះពាល់ ។
រដ្ឋាភិបាលបានផ្តល់ប្រាក់ក្នុងកម្រិតតិចតួចមួយដល់ក្រុមគ្រួសារនានា ដើម្បីសម្អាតផ្ទះសម្បែងរបស់ពួកគេ និងផ្តល់ថវិការហូតដល់ ២,៥ លានរូពី (ជាង៨ពាន់ដុល្លារអាម៉េរិក) ដល់អ្នកដែលបាត់បង់ផ្ទះសម្បែង។ ប្រធានាធិបតីស្រីលង្កា លោក អានុរ៉ា កុមារ៉ា ឌីសាណាយ៉ាកេ (Anura Kumara Dissanayake) បានថ្លែងថា ប្រទេសនេះត្រូវការជំនួយជាអន្តរជាតិ ដោយសារតែស្រីលង្កានៅតែស្ថិតក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិ ហើយនៅតែមានបំណុលច្រើន ទោះបីជាទទួលបានប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ខ្លះហើយក៏ដោយ ។
គួររម្លឹកថា ស្ថានភាពទឹកជំនន់នៅរដ្ឋធានីកូឡុំបូ កំពុងវិលទៅរកភាពធូរស្រាលឡើងវិញបន្តិចម្តងៗ ហើយអាជ្ញាធរកំពុងធ្វើការដើម្បីសម្អាតផ្លូវ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ ទោះបីជាមានគ្រោះមហន្តរាយក៏ដោយ ក៏មាននាវាទេសចរណ៍ដ៏ប្រណីតមួយបានមកដល់ទីក្រុងកូឡុំបូ ហើយមន្ត្រីនិយាយថា ប្រទេសនេះនៅតែ មានសុវត្ថិភាព និងបើកចំហសម្រាប់ភ្ញៀវទេសចរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA/ VIORY | រូបភាព-Photo៖ VIORY/ AFP