ព័ត៌មានអន្តរជាតិ

អតិផរណារបស់ថៃបន្តធ្លាក់ចុះក្នុងរយៈពេល៨ខែ ខណៈទឹកជំនន់នៅភាគខាងត្បូងនឹងប៉ះពាល់ច្រើនដល់សេដ្ឋកិច្ច

image


ថៃឡង់ដ៍៖ គិតត្រឹមខែវិច្ឆិកា អត្រាអតិផរណារបស់ប្រទេសថៃ បានបន្តធ្លាក់ចុះដោយតម្លៃអវិជ្ជមាន អស់រយៈពេល ៨ខែជាប់ៗគ្នា ភាគច្រើនបណ្តាលមកពីតម្លៃថាមពលទាប និងជំនួយពីរដ្ឋាភិបាល។ អតិផរណារួម (Headline inflation) បានធ្លាក់ចុះ ០,៤៩% បើធៀបនឹងឆ្នាំមុន ហើយមន្ត្រីរំពឹងថា តម្លៃទំនិញជាមធ្យមសម្រាប់ពេញមួយឆ្នាំ ២០២៥ នឹងនៅតែបន្តធ្លាក់ចុះបន្តិចបន្តួច បើប្រៀបធៀបទៅនឹងតម្លៃទំនិញនៅឆ្នាំ ២០២៤ ។

ទោះជាយ៉ាងណាក៏ដោយ អតិផរណាមូលដ្ឋាន (Core inflation) នៅតែមានតម្លៃជាវិជ្ជមាន ដោយរដ្ឋាភិបាលរំពឹងថា តម្លៃទំនិញនិងសេវាកម្មទូទៅនឹងចាប់ផ្តើមកើនឡើងវិញនៅឆ្នាំក្រោយ ដោយព្យាករណ៍ថាអតិផរណានឹងស្ថិតនៅចន្លោះពី ០ ទៅ ១% ។

ការកើនឡើងតម្លៃកសិកម្ម ក៏អាចជាកត្តាមួយដែលជំរុញឱ្យមានអតិផរណាកើនឡើងនៅត្រីមាសទីមួយផងដែរ។ គិតមកដល់ឆ្នាំ ២០២៥ អត្រាអតិផរណាជាមធ្យមគឺមានតម្លៃអវិជ្ជមានបន្តិចបន្តួច ហើយគេរំពឹងថា វានឹងធ្លាក់ចុះម្តងទៀតនៅក្នុងខែធ្នូ ។

ទន្ទឹមនឹងនោះ ក្រុមអ្នកឧស្សាហកម្មនិយាយថា សេដ្ឋកិច្ចថៃគួរតែកើនឡើងប្រហែល ២% នៅឆ្នាំនេះ ដោយសារតែកំណើននៃការនាំចេញ។ ប៉ុន្តែពួកគេព្រមានថា តម្លៃប្រាក់បាតដែលរឹងមាំខ្លាំង, ពន្ធគយរបស់សហរដ្ឋអាម៉េរិក និងកំណើននៃការនាំចូល កំពុងធ្វើឱ្យការប្រកួតប្រជែងថយចុះ ហើយតម្លៃប្រាក់បាតដែលរឹងមាំ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ដោយវានឹងធ្វើឱ្យភ្ញៀវទេសចរត្រូវចំណាយច្រើនជាងមុននៅក្នុងប្រទេសថៃ ។

ជាងនេះទៀត គេបារម្ភថា ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ នឹងកាត់បន្ថយដំណើរការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំ ២០២៦។ ការខាតបង់អាចឈានដល់ ៣០ ពាន់លានបាត (ជាង ៨៤ម៉ឺនដុល្លារអាម៉េរិក) នៅក្នុងខែនេះ ដោយនឹងនាំទៅរកការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងទំហំធំជាងនេះនៅឆ្នាំក្រោយ។ បច្ចុប្បន្ន អ្នកសេដ្ឋកិច្ចរំពឹងថា ធនាគារកណ្តាលនឹងកាត់បន្ថយអត្រាការប្រាក់ នៅថ្ងៃទី១៧ ខែធ្នូ ដោយសារតែអតិផរណាបានស្ថិតនៅក្រោមគោលដៅកំណត់អស់រយៈពេល ៩ ខែមកហើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ REUTERS via CNA | រូបភាព-Photo៖ REUTERS via CNA