ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ទស្សនកិច្ចនៅខេត្តព្រៃវែង ដោយបានជួបជាមួយយុវជនកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈយុវជនជំនាន់ក្រោយ

image


ព្រៃវែង៖ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានទៅទស្សនកិច្ចខេត្តព្រៃវែង នៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថានទូត ក្នុងការចូលរួមជាមួយយុវជន និងនិស្សិតកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើមជាមួយនឹងការធ្វើបឋកថាជាសាធារណៈនៅសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ដែលមាននិស្សិតជាង ៣០០នាក់ចូលរួម ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសឥណ្ឌូនេស៊ី និងទំនាក់ទំនងយូរអង្វែងជាមួយប្រទេសកម្ពុជា។
នៅក្នុងកឋកថារបស់លោកឯកអគ្គរដ្ឋទូត Santo បានគូសបញ្ជាក់ពីគម្លាតចំណេះដឹងកាន់តែខ្លាំងឡើងរវាងមនុស្សជំនាន់មុនៗនៅក្នុងប្រទេសកម្ពុជា។ មនុស្សជាច្រើនមកពីជំនាន់មុន ស្គាល់ប្រទេសឥណ្ឌូនេស៊ីច្រើន ខណៈយុវជនកម្ពុជាជំនាន់ ហាក់ស្គាល់ប្រទេសឥណ្ឌូនេស៊ី មានកម្រិតតិចតួចនៅឡើយ។
លោកបានសង្កត់ធ្ងន់ថា "ការធ្វើបឋកថានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្នុងការណែនាំប្រទេសឥណ្ឌូនេស៊ីដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា"។
ការបឋកថានេះ បានគូសបញ្ជាក់ពីជម្រៅប្រវត្តិសាស្ត្រនៃទំនាក់ទំនងឥណ្ឌូនេស៊ី-កម្ពុជា រួមទាំងការបង្កើតចំណងការទូតនៅឆ្នាំ១៩៥៩ និងការចូលរួមចំណែករបស់ឥណ្ឌូនេស៊ី ចំពោះដំណើរការសន្តិភាពនៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០។
លោកឯកអគ្គរដ្ឋទូត Santo ក៏បានពន្យល់លម្អិតអំពីទំនាក់ទំនងវប្បធម៌រវាងប្រជាជនឥណ្ឌូនេស៊ី និងកម្ពុជា ដែលមានអាយុកាលរាប់សតវត្សមកហើយ ប៉ុន្តែនៅតែមានភាពពាក់ព័ន្ធយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ទំនាក់ទំនងទាំងនេះ បានបង្ហាញឱ្យឃើញនៅក្នុងភាពស្រដៀងគ្នាខាងស្ថាបត្យកម្មរវាងអង្គរវត្ត និង Borobudur។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីសហសម័យ ដែលគាំទ្រដោយដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំ ជាពិសេសគឺដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីខែឧសភា ឆ្នាំមុន។ កិច្ចសហប្រតិបត្តិការនៅតែបន្តពង្រីកលើវិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច ដោយពាណិជ្ជកម្មទ្វេភាគីលើសពី ១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំកន្លងមក។ ផលិតផលឥណ្ឌូនេស៊ី ឥឡូវនេះមានលក់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការអប់រំនៅតែជាអាទិភាពចម្បងរបស់ស្ថានទូត។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ប្រទេសឥណ្ឌូនេស៊ី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រហែល ២០០នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យឥណ្ឌូនេស៊ី។ លោកឯកអគ្គរដ្ឋទូត Santo បានសម្តែងក្តីសង្ឃឹមថា យុវជនកម្ពុជាកាន់តែច្រើន នឹងជ្រើសរើសប្រទេសឥណ្ឌូនេស៊ី ជាគោលដៅរបស់ពួកគេសម្រាប់ការអប់រំកម្រិតខ្ពស់។
លោកបានបន្ថែមថា "នៅតែមានរឿងជាច្រើនដែលត្រូវស្វែងយល់នៅក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ លោកសង្ឃឹមថា ការធ្វើបឋកថាថ្ងៃនេះ នឹងជម្រុញសិស្សឱ្យយល់ដឹងបន្ថែមអំពីប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលអនាគត សូមទៅទស្សនា និងសិក្សានៅទីនោះ"។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Santo ក៏បានទៅទស្សនាសាលាមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា ជាកន្លែងដែលលោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយសិស្សានុសិស្សប្រមាណ ២០០នាក់។ លោកបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ស្ថានទូត ក្នុងការគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសាលានេះ ក្នុងនាមជានិមិត្តរូបដ៏រស់រវើកនៃមិត្តភាពរវាងប្រទេសទាំងពីរ។
សាលាមិត្តភាពឥណ្ឌូនេស៊ី-កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានមូលនិធិពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ឥឡូវនេះ ផ្តល់ការអប់រំដល់សិស្សជាង ៧៩០នាក់ ចាប់ពីកម្រិតមត្តេយ្យ ដល់មធ្យមសិក្សា។
ស្ថានទូត ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការអប់រំ និងការចូលរួមរបស់យុវជន ដោយទទួលស្គាល់ថា យុវជនជំនាន់ក្រោយ គឺជាមូលដ្ឋានគ្រឹះ និងអនាគតនៃទំនាក់ទំនងឥណ្ឌូនេស៊ី-កម្ពុជា៕