អាជ្ញាធរជាតិ ជំរុញប្រជាសហគមន៍ទេសចរណ៍អូរឬស្សីកណ្ដាល ស្រុក សៀមបូក ចូលរួមប្រើប្រាស់ App NoDrug ដើម្បីរួមគ្នាកសាងបាននូវសហគមន៍មួយ មានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានជួបប្រជាសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្ដាល ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug រួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។
ក្នុងនាមអភិបាលស្រុកសៀមបូក លោក សួង ហ៊ី, ក្នុងឱកាសនោះ លោក ហម ថ្លា បានជម្រាបជូនប្រជាសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្ដាល ពីការងារមួយចំនួនដើម្បីលើកកម្ពស់បាននូវជីវភាពរស់នៅ សុខភាព អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងទាក់ទាញទេសចរណ៍ ក្នុងមូលដ្ឋានអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវការកោតសសើរ និងបានលើកយកបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរហើយក៏ទទួលបានការឆ្លើយតបពីអ្នកចូលរួមទាំងអស់ថា ប្ដេជ្ញាជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់ប្រជាសហគមន៍ ក្រុមគ្រួសារ ក៏ដូចជារួមគ្នាដើម្បីឆ្ពោះទៅកសាងបាននូវសុវត្ថិភាពសហគមន៍ ពីបញ្ហាផ្សេងៗក្នុងនោះ គឺមានបញ្ហាគ្រឿងញៀនជាចម្បង៕