ក្រុមហ៊ុនហ្វីលីពីន មកស្វែងរកទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសរបស់ខ្លួន
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៣ខែធ្នូ ឆ្នាំ ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Food Terminal Incorporated ក្នុងគោលបំណងពិនិត្យលទ្ធភាពនៃការបញ្ជាទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារស្រូវបន្ថែមទៀតជូនដល់បងប្អូនកសិករកម្ពុជា។ ជំនួបនេះ ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត និងក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ក្រសួងកសិកម្មកម្ពុជា និងហ្វីលីពីន។
លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា ដើម្បីធ្វើឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព ក្រសួងកសិកម្មបានសម្របសម្រួលឱ្យមានជំនួបដោយផ្ទាល់រវាងគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីននិងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចរចាលម្អិតអំពីលទ្ធភាពនៃការនាំចេញ និងជំរុញឱ្យការបញ្ជាទិញនេះអាចកើតឡើងក្នុងពេលឆាប់ៗ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ការតភ្ជាប់ទំនាក់ទំនងកសិពាណិជ្ជកម្មថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ភាគីហ្វីលីពីន នឹងទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ខណៈដែលកម្ពុជានឹងទទួលបានទីផ្សារអន្តរជាតិថ្មីមួយទៀត»។
លោករដ្ឋមន្ត្រី បន្តថា ការបើកទីផ្សារអង្ករថ្មីនេះ ក៏នឹងជួយឱ្យរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មមានលទ្ធភាពក្នុងការប្រមូលទិញស្រូវពីបងប្អូនប្រជាកសិកររបស់យើងបានកាន់តែច្រើន និងទូលំទូលាយជាងមុន។
សូមជម្រាបថា ហ្វីលីពីន គឺជាប្រទេសនាំចូលអង្ករធំបំផុតមួយរបស់ពិភពលោក ហើយអ្នកផ្គត់ផ្គង់អង្ករច្រើនជាងគេដល់ប្រទេសហ្វីលីពីន គឺវៀតណាម និងថៃ៕