ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីត្រាំ៖ ក្រុមការងាររបស់លោក បានពិភាក្សាយ៉ាងរលូនជាមួយលោកពុទីន អំពីបញ្ហានៅអ៊ុយក្រែន

image


សហរដ្ឋអាម៉េរិក៖ ថ្លែងចេញពីសេតវិមានកាលពីថ្ងៃពុធ ទី៣ ខែធ្នូ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ថ្លែងថា ក្រុមការងាររបស់លោក រួមមាន លោក ចារ៉េដ ឃូស្នើ (Jared Kushner) និង លោកស្ទីវ វីតកោហ្វ (Steve Witkoff) បានជួបពិភាក្សាគ្នា «យ៉ាងរលូន» ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។

លោកប្រធានាធិបតីត្រាំ បានលើកឡើងម្តងទៀតថា សង្គ្រាមនេះមិនគួរចាប់ផ្តើមនោះទេ ហើយលោកបានអះអាងជាបន្តថា វានឹងមិនកើតឡើងឡើយ ប្រសិនបើលោកបានធ្វើជាប្រធានាធិបតីនាពេលនោះ (មុនសង្គ្រាមចាប់ផ្ដើមផ្ទុះឡើងអំឡុងឆ្នាំ ២០២២) ។

លោកត្រាំ យល់ថា អ៊ុយក្រែនបានខកខានឱកាសល្អបំផុតក្នុងការដោះស្រាយបញ្ហាជាមួយរុស្ស៊ី ហើយគួរតែយល់ព្រមលើកិច្ចព្រមព្រៀងតាំងពីមុនមានជម្លោះទ្រង់ទ្រាយធំមកម្លេះ ខណៈដែលឥឡូវនេះអ៊ុយក្រែនរងនូវការខាតបង់យ៉ាងច្រើននៅក្នុងសង្គ្រាម ។

លោកត្រាំ ក៏បានរៀបរាប់ដែរថា សហរដ្ឋអាម៉េរិកលែងផ្តល់អាវុធជាជំនួយឥតសំណងទៀតហើយ ហើយសមាជិករបស់អង្គការណាតូ (NATO) នឹងត្រូវចំណាយលុយពេញថ្លៃសម្រាប់យុទ្ធោបករណ៍ទាំងអស់។ លោកបានពន្យល់ថា លោកធ្វើបែបនេះ គឺដើម្បីជួយស្វែងរកនូវសន្តិភាព ភាគច្រើនដោយសារតែទាហានជាច្រើននាក់បានបន្តស្លាប់រៀងរាល់ខែ ។

ជុំវិញសំណួរថាតើលោក ពុទីន ចង់បញ្ចប់សង្គ្រាមដែរឬទេ? លោកត្រាំ បានឆ្លើយថា លោក ពុទីន ចង់ធ្វើកិច្ចព្រមព្រៀង និងត្រឡប់ទៅរកទំនាក់ទំនងធម្មតាឡើងវិញ រួមទាំងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ លោក ត្រាំ បន្ថែមថា ពួកគេនឹង «រង់ចាំមើលអ្វីដែលនឹងកើតឡើងជាបន្ត» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Andrew Caballero-Reynolds/AFP via Getty Images/ Alexander Kazakov, Sputnik, Kremlin Pool Photo via AP