ព័ត៌មានអន្តរជាតិ

មន្ត្រីកិច្ចការតៃវ៉ាន់របស់ចិន បញ្ជាក់ជាថ្មីនូវការទាមទារឱ្យជប៉ុនត្រូវគោរពគោលការណ៍ចិនតែមួយ

image


ចិន៖ អំឡុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃពុធ ទី៣ ខែធ្នូ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋចិន លោកស្រី ចាង ហាន (Zhang Han) បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការទាមទាររបស់ប្រទេសចិនឱ្យ «ប្រទេសជប៉ុនគោរពនូវគោលការណ៍ចិនតែមួយ និងគោរពកាតព្វកិច្ចអន្តរជាតិទាក់ទងនឹងទឹកដីនេះ ព្រមទាំងបញ្ឈប់រាល់ការថ្លែងដែលប្រឆាំងនឹងការទាមទាររបស់ចិនចំពោះកោះតៃវ៉ាន់ ។

មន្ត្រីចិនរូបនេះ បានលើកឡើងជាបន្តទៀតថា ឯកសារនានាដែលបានចុះហត្ថលេខាបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ បានបង្ហាញយ៉ាងច្បាស់ថា តៃវ៉ាន់ជាកម្មសិទ្ធិរបស់ចិន ហើយជប៉ុនមានកាតព្វកិច្ចស្របច្បាប់ដែលត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀងទាំងនោះ ។

បន្ថែមពីនេះ លោកស្រី ចាង ហាន កំពុងព្រមានជប៉ុនយ៉ាងខ្លាំងថា «ការដែលនិយាយលូកលាន់ចូលកិច្ចការតៃវ៉ាន់ គឺជារឿងខុសឆ្គង ហើយថាជប៉ុនត្រូវតែគោរពតាមការសន្យាផ្នែកនយោបាយរបស់ខ្លួនចំពោះប្រទេសចិន និងត្រូវតែដកពាក្យសម្តីគំរាមកំហែងនោះចេញជាបន្ទាន់»។ ចិនក៏បានប្រាប់ជប៉ុនឱ្យពិនិត្យមើលប្រវត្តិសាស្ត្រសង្គ្រាមរបស់ខ្លួនឡើងវិញ បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងចាត់វិធានការជាក់ស្តែងដើម្បីគាំទ្រគោលការណ៍ចិនតែមួយ ។

គួររម្លឹកថា ភាពតានតឹងបានកើនឡើង បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈិ បានលើកឡើងកាលពីខែវិច្ឆិកាថា ចលនាយោធារបស់ចិនប្រឆាំងនឹងតៃវ៉ាន់អាចគំរាមកំហែងដល់សន្តិសុខរបស់ជប៉ុន ដោយបានបញ្ជាក់អំពីលទ្ធភាពរបស់ជប៉ុនក្នុងការចូលរួមអន្តរាគមន៍។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបដិសេធមិនដកពាក្យសម្ដីរបស់លោកស្រីចេញវិញទេ ប៉ុន្តែបាននិយាយថា លោកស្រីនៅតែសង្ឃឹមសម្រាប់ទំនាក់ទំនងជាមួយចិន នឹងនៅតែល្អប្រសើរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Istockphoto