គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្តឹងមេទ័ពថៃពីរនាក់ទៅ UN ពីបទប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅ
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី «ការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជាដោយមិនរើសគោលដៅ (អនុសញ្ញាទីក្រុងហ្សឺណែវ៖ ការការពារជនស៊ីវិលពីការវាយប្រហារ) គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឱ្យដឹងថា សកម្មភារបស់យោធាថៃ មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃ ក្រោមការដឹកនាំរបស់ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលរស់នៅខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង និងព្រះវិហារ ព្រមទាំងការបំផ្លិចបំផ្លាញប្រាសាទបុរាណ ដែលជាបេតិកភណ្ឌជាតិ និងពិភពលោក។ គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ី វិលស្លាប់ចំនួន ១០នាក់ របួស ៥០នាក់ និងមានជនភៀសសឹកប្រមាណជិត ២០០ ០០០នាក់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ។
សូមគូសបញ្ជាក់ថា យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ការវាយប្រហារ ឬគោលដៅនៃការវាយប្រហារចំពោះទីតាំងជនស៊ីវិល គឺត្រូវ ហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភបំពានអនុសញ្ញាស្តីពីអាវុធគីមី ដែលប្រទេសថៃជាភាគី។
គ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការ ភូមិភាគ១ថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់និងម៉ឺងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ អំពីករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើប្រទេសកម្ពុជា។
គួររម្លឹកថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសាមកលើកងកម្លាំងរបស់ប្រទេសកម្ពុជា ដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបតែចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខប្រធាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Anwar Ibrahim។
គ.ស.ម.ក. ទទូចស្នើសុំដល់សហគមន៍អន្តរជាតិ និងតំបន់ដាក់សម្ពាធលើប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាព បំពានច្បាប់ទាំងនេះជាបន្ទាន់ និងថ្កោលទោស លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ព្រមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ ឱ្យទទួលខុសត្រូវទាំងស្រុង ស្របតាមច្បាប់អន្តរជាតិចំពោះផលប៉ះពាល់ទាំងឡាយ ដែលបង្កឡើងដោយការឈ្លានពានរបស់ប្រទេសថៃ។
កម្ពុជានៅតែប្រកាន់ខ្ជាប់ក្នុងការគោរព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំងពីរភាគីបានសម្រេចពីមុនមក ព្រមទាំងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិ។
គ.ស.ម.ក. នឹងបន្តតាមដាន កត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋយោធារបស់យោធាថៃ៕