ព័ត៌មានអន្តរជាតិ

ចិនជំរុញជប៉ុនមិនឱ្យបារម្ភ ដោយនិយាយថា សមយុទ្ធដែនអាកាសរួមចិន-រុស្ស៊ី ជួយរក្សាតំបន់ឱ្យមានសុវត្ថិភាព

image



ចិន៖ ចិននិយាយថា សមយុទ្ធល្បាតផ្លូវអាកាសរួមគ្នារបស់ខ្លួនជាមួយរុស្ស៊ីនៅសមុទ្រចិនខាងកើតនាពេលថ្មីៗនេះ គឺជាសកម្មភាពធម្មតា និងដើម្បីជួយរក្សាតំបន់នេះឱ្យមានសុវត្ថិភាព។ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) និយាយថា ជប៉ុនមិនគួរ «ភ័យខ្លាច ឬធ្វើឱ្យមានភាពចលាចលនោះទេ» ព្រោះការល្បាតនេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការប្រចាំឆ្នាំ ។

ជប៉ុនធ្លាប់បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយនិយាយថា យន្តហោះចិន និងរុស្ស៊ីបានហោះហើរនៅជិតដែនដីរបស់ខ្លួន ខណៈកូរ៉េខាងត្បូងនិយាយដែរថា យន្តហោះទាំងនោះក៏បានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កូរ៉េដូចគ្នាដែរ ។

ភាពតានតឹងបានកើនឡើងថែមទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបានបង្ហើបថា ជប៉ុនអាចនឹងធ្វើសកម្មភាពយោធា ប្រសិនបើចិនវាយប្រហារតៃវ៉ាន់។ ចិននិយាយថា សម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឱ្យសាធារណជនចិនខឹងសម្បារ ហើយថែមទាំងរងនូវការរិះគន់នៅទូទាំងប្រទេសជប៉ុនទៀតផង ។

អតីតមន្ត្រី និងឥស្សរជនរដ្ឋជប៉ុនមួយចំនួនបានស្នើឱ្យលោកស្រីដកពាក្យសម្ដីរបស់ខ្លួនចេញវិញ ប៉ុន្តែលោកស្រីមិនបានឆ្លើយតបនោះទេ។

ក្រៅពីនេះ អ្នកនាំពាក្យចិន បានរិះគន់សហភាពអឺរ៉ុប ដែលបានចោទប្រកាន់ចិនពីបទរំលោភសិទ្ធិមនុស្ស ដោយនិយាយថា សហភាពអឺរ៉ុបខ្លួនឯងទៅវិញទេដែលមិនអើពើនឹងបញ្ហារបស់ខ្លួនឯង។ បន្ថែមពីនេះ មន្ត្រីចិន ក៏បានជំរុញឱ្យម៉ិកស៊ិកកូ មិនយកពន្ធគយខ្ពស់លើទំនិញរបស់ចិន ដោយនិយាយថា វិធានការបែបនេះមិនបានជួយនរណាម្នាក់ឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Joint Staff Office of the Defense Ministry of Japan/Reuters/ Freepik/ Alpha Coders