នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើឱ្យពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដោយប្រើប្រាស់ផ្កាយរណបដើម្បីតម្លាភាព និងជម្រុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅម៉ោង ១០យប់នេះ
ម៉ាឡេស៊ី៖ ដើម្បីជួយបន្ថយភាពតានតឹង និងបង្កើនតម្លាភាព នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តមអាន់វ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយស្នើឱ្យមានការដាក់ពង្រាយ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។ បេសកកម្មនេះនឹងត្រួតពិនិត្យការវិវត្តពិតប្រាកដនៃស្ថានការណ៍នៅតាមព្រំដែន ជាមួយនឹងការគាំទ្រដោយសមត្ថភាពត្រួតពិនិត្យតាមប្រព័ន្ធតាមដានផ្កាយរណប ដែលផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ។
លទ្ធផលពីការតាមដានតាមផ្កាយរណប និងការសង្កេតដោយផ្ទាល់ នឹងត្រូវចងក្រងដោយក្រុម AOT ហើយរបាយការណ៍នេះនឹងដាក់បង្ហាញជូននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ។ របាយការណ៍នេះ នឹងបង្ហាញពីស្ថានការណ៍ជាក់ស្តែង និងទីតាំងរបស់ភាគីទាំងពីរ ដើម្បីធានាការទទួលខុសត្រូវ កសាងទំនុកចិត្ត និងថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
សំណេរនៅលើបណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើឡើងបន្ទាប់ពីលោកបានពិភាក្សាជាមួយលោកប្រធានាធិបតីត្រាំ ព្រមទាំងទូរសព្ទទៅកាន់មេដឹកនាំកម្ពុជានិងថៃ ដោយបង្ហាញក្ដីបារម្ភអំពីរឿងនេះ និងជំរុញយ៉ាងទទូចឱ្យភាគីទាំងពីរ៖
- រក្សាភាពអត់ធ្មត់ជាអតិបរមា ។
- បញ្ឈប់រាល់សកម្មភាពប្រយុទ្ធគ្នា គ្រប់ទម្រង់ទាំងអស់។
- ចៀសវាងរាល់សកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬផ្លាស់ទីកងទ័ពទៅមុខ។
- កិច្ចព្រមព្រៀងខាងលើត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២២៖០០ នាទីយប់ (ម៉ោងនៅភ្នំពេញ/បាងកក) តទៅ ។
ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថា ការពិភាក្សា ការអត់ធ្មត់ និងការទូត នឹងឈ្នះលើអំពើហិង្សា ៕
អត្ថបទ៖ CNC
ប្រភព៖ Facebook Page Anwar Ibrahim