ព័ត៌មានជាតិ

សម្តេចបវរធិបតី ប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ឯ.ឧនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ

image

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា "កម្ពុជាស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯ.ឧ Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក"។ ការប្រកាសនេះតាមរយៈសំណេរខ្លីលើបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។
សូមជម្រាបថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើឱ្យពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដោយប្រើប្រាស់ផ្កាយរណបដើម្បីតម្លាភាព និងជម្រុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅម៉ោង ១០យប់នេះ (១៣ ធ្នូ ២០២៥)
គួររំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)"។ សម្តេចបវរធិបតីបានបញ្ជាក់ថា "កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)"។
ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្តេចបវរធិបតី បានលើកឡើងថា "ខ្ញុំបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ