អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ឧបត្ថម្ភថវិកា ១០,០០០ ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បាមឧបត្ថម្ភថវិកា ១០,០០០ ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។
ការឧបត្ថម្ភថវិកានេះ បានធ្វើឡើងក្នុងឱកាសដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៥ ខួបលើកទី១៦២ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នាវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាកធនធាន សម្ភារ ថវិកា តាមរយៈការបង់វិភាគទានស្ម័គ្រចិត្ត និងចូលជាសមាជិកភាព រួមចំណែកយ៉ាងធំធេង ចូលរួមទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ឲ្យមានដំណើការល្អ និងឆ្លើយតបបានទាន់ពេលនូវរាល់គ្រោះភ័យ នៃគ្រោះមហន្តរាយគ្រប់ប្រភេទក្នុងខេត្ត។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង តែងតែប្រារព្ធពិធីទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា និង សម្ភារពីសប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ដែលបាន ស្ម័គ្រចិត្តបរិច្ចាកធនធាន ដើម្បីរួមចំណែកក្នុងការជួយដោះស្រាយសម្រាលទុក្ខលំបាកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងខេត្តកំពង់ឆ្នាំង៕