អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ ជើងហោះហើររវាងកម្ពុជា-ថៃ នៅដំណើរការធម្មតា ទោះបីកងទ័ពប្រទេសទាំងពីរកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា តាមបណ្តោយព្រំដែន
ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ជើងហោះហើររវាងភ្នំពេញ-បាងកក -សៀមរាប នៅដំណើរការធម្មតា ដោយគ្មានអ្វីប្រែប្រួលឡើយ បើទោះបីជាកងទ័ពនៃប្រទេសទាំងពីរ កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតាមបណ្តោយព្រំដែន បន្ទាប់ពីយោធាថៃ បានបើកការឈ្លានពានប្រដាប់អាវុធជាថ្មី ដោយបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើកងកម្លាំង និងប្រជាជនកម្ពុជា។ នេះបើយោងតាម លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោកបានបញ្ជាក់ថា សម្រាប់ជើងហោះហើរវាងកម្ពុជា និងថៃ គឺមានភ្នំពេញ-បាងកក មានជើងហោះចំនួន ៧៧ជើងក្នុង ១សប្តាហ៍ ធ្វើប្រតិបត្តិការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនស្រុកចំនួន ៣និងក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៥ ខណៈការហោះហើររវាងសៀមរាប-បាងកក មាន ៦៣ជើងក្នុង ១សប្តាហ៍។
លោកបានបបន្តថា ចំពោះដែនអាកាសដែលបានបិទ កាលពីប៉ះទង្គិចគ្នាលើកដំបូង កាលពីខែកក្កដា គឺនៅបន្តបិទដដែលរហូតមកដល់ពេលនេះ រហូតទាល់តែមានការជូនដំណឹងជាថ្មី។
លោកបានឲ្យដឹងទៀតថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នឹងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយប្រសិនមានអ្វីប្រែប្រួលណាមួយ នឹងមានការជូនដំណឹងជាថ្មីទៀត ។
សូមជម្រាបថា យោធាថៃ បានបើកការឈ្លានពានមកលើកម្ពុជា ជាថ្មី ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃ មិនរើសគោលដៅ និងទីកន្លែង ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ខណៈដែលកម្ពុជា គ្មានជម្រើសអ្វីក្រៅពីតបត និងប្រើប្រាស់សិទ្ធិការពារខ្លួន ការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពាន៕