មនុស្ស៤នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសលើទីក្រុងហ្គាហ្សា ខណៈអ៊ីស្រាអ៊ែលអះអាងថា ខ្លួនកំណត់គោលដៅលើមេបញ្ជាការក្រុមហាម៉ាស់
ហ្គាហ្សា, ប៉ាឡេស្ទីន៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែលលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុងហ្គាហ្សា កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ បានឆក់យកអាយុជីវិតមនុស្ស ៤នាក់ និងធ្វើឱ្យអ្នកនៅក្បែរនោះរងរបួសជាច្រើននាក់ ។
ក្នុងពេលដំណាលគ្នា សាក្សីម្នាក់ក្នុងតំបន់ និយាយថា ពួកគេបានឮសំឡេងយន្តហោះ រួចក៏មានសំឡេងផ្ទុះយ៉ាងខ្លាំង ហើយក្រោយមកបានឃើញរថយន្តឆាបឆេះ និងមានមនុស្សស្លាប់និងរបួសជាច្រើននាក់នៅជុំវិញទីតាំងកើតហេតុ។ ក្រុមហាម៉ាស់ បានថ្កោលទោសចំពោះការវាយប្រហារនេះ ដោយនិយាយថា វាជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ដោយឡែក ភាគីអ៊ីស្រាអ៊ែលឯណោះវិញ អះអាងថា ការវាយប្រហារនេះសំដៅទៅលើមេបញ្ជាការរបស់ក្រុមហាម៉ាស់ម្នាក់។ កងទ័ពអ៊ីស្រាអ៊ែល បានទទួលស្គាល់ចំពោះការវាយប្រហារនេះ ដោយនិយាយថា ខ្លួនបានសម្លាប់សមាជិកដ៏សំខាន់ម្នាក់របស់ក្រុមហាម៉ាស់ ដែលពាក់ព័ន្ធនឹងការពង្រឹងកម្លាំងយោធារបស់ក្រុមនេះឡើងវិញ ។
ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែលរាយការណ៍ថា គោលដៅរបស់យោធាអ៊ីស្រាអ៊ែល គឺសំដៅលើលោក រេដ សាអាត់ (Raed Saad) ដែលជាមេដឹកនាំយោធាជាន់ខ្ពស់របស់ក្រុមហាម៉ាស់ និងមានទំនាក់ទំនងនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ ការវាយប្រហារបែបនេះនៅតែបន្តកើតមានឡើង ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់បានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែតុលាក៏ដោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ VIORY