ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីត្រាំ៖ អ៊ុយក្រែនត្រូវទទួលស្គាល់ការបាត់បង់ទឹកដីមួយចំនួន ប៉ុន្តែចំណុចសំខាន់គឺធានាសន្តិសុខបច្ចុប្បន្ន មិនឱ្យសង្គ្រាមផ្ទុះឡើងវិញ

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងស្ថិតនៅអឺរ៉ុប ដើម្បីពិភាក្សាជាមួយប្រទេសនានា ក្នុងគោលបំណងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបញ្ជាក់ថា ប្រទេសជាច្រើនចង់ឱ្យសង្គ្រាមបញ្ចប់ ហើយលោកជឿថា ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពុទីន ក៏ចង់ឱ្យសង្គ្រាមចប់ដូចគ្នាដែរ ។

លោក ត្រាំ និយាយថា អ៊ុយក្រែនបានបាត់បង់ដែនដីមួយចំនួនរួចហើយ ហើយត្រូវទទួលស្គាល់ការពិតនេះ។ លោកថា ចំណុចសំខាន់នាពេលបច្ចុប្បន្ននេះ គឺជាការការធានាសន្តិសុខ ដើម្បីមិនឱ្យសង្គ្រាមផ្ទុះឡើងម្ដងទៀត ។

លោកបានបញ្ជាក់ទៀតថា សហរដ្ឋអាម៉េរិកកំពុងធ្វើការជាមួយអឺរ៉ុប ដើម្បីរៀបចំការឱ្យមានការធានាសន្តិសុខ ដោយមិនចាំបាច់ឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ (NATO)។ ប៉ុន្តែលោកលើកឡើងដែរថា មិនមានកំណត់ពេលវេលាច្បាស់លាស់នោះទេ ព្រោះការចរចាមានភាពលំបាក ដោយសារតែភាពតានតឹងរវាងមេដឹកនាំទាំងពីរ ។

លោក ត្រាំ បានអះអាងថា លោកបានពិភាក្សាគ្នាដោយផ្ទាល់ជាមួយប្រធានាធិបតី ពុទីន នាពេលថ្មីៗនេះ ហើយការជជែកនោះមានវឌ្ឍនភាពខ្លះហើយ។ លោកបានសង្កត់ធ្ងន់ថា សង្គ្រាមបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរ ដោយមានមនុស្សប្រហែល ២៧,០០០ នាក់បានស្លាប់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាលពីខែមុន ភាគច្រើនជាទាហាន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Iryna Rybakova/AP