បេសកជនអាម៉េរិក ជួបមេដឹកនាំអ៊ីស្រាអ៊ែល ដើម្បីពិភាក្សាកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សាដំណាក់កាលទី២
សហរដ្ឋអាម៉េរិក៖ បេសកជនអាម៉េរិក លោក ថម បារ៉ាក់ (Tom Barrack) បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅឯទីក្រុងយ៉េរូសាឡឹម កាលពីដើមសប្ដាហ៍នេះ។ ជំនួបនេះធ្វើឡើង ខណៈសហរដ្ឋអាម៉េរិកកំពុងបង្កើនការដាក់សម្ពាធលើអ៊ីស្រាអ៊ែល ដើម្បីឈានទៅរកដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល លោកបារ៉ាក់ បាននាំមកនូវសារជាក់ច្បាស់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយសង្កត់ធ្ងន់លើការជំរុញរបស់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបន្តការចរចាទៅមុខទៀត ។
អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលបានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា ក្រោម «ផែនការសន្តិភាពទាំង ២០ចំណុច ដែលសម្របសម្រួលដោយលោកប្រធានាធិបតីត្រាំ ។
ក្នុងចំណោមចំណុចសំខាន់ៗសម្រាប់កិច្ចព្រមព្រៀងដំណាក់កាលទី១ រួមមាន៖ បញ្ឈប់ការប្រយុទ្ធគ្នាភ្លាមៗ, ដោះលែងចំណាប់ខ្មាំងទាំងអស់ (ទាំងអ្នកនៅរស់ និងអ្នកស្លាប់), អនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ ហូរចូលទៅក្នុងតំបន់ហ្គាហ្សា។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាស់បានប្រគល់អដ្ឋិធាតុចំណាប់ខ្មាំងអ៊ីស្រាអ៊ែលចំនួន ២៧នាក់ហើយទៅឱ្យអ៊ីស្រាអ៊ែលវិញ ដោយនៅសល់អដ្ឋិធាតុម្នាក់ទៀត មិនទាន់បានប្រគល់នៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ GPO via VIORY/ Menahem Kahana/AFP/Getty Images