ព័ត៌មានអន្តរជាតិ

BBC៖ រាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ ២០២៦

image

ភ្នំពេញ៖ រាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ក្នុងនាមជាទីក្រុងដ៏ល្អបំផុតមួយសម្រាប់ការធ្វើដំណើរកម្សាន្តនៅឆ្នាំ ២០២៦ នេះបើយោងតាមសារព័ត៌មាន BBC ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ ខណៈសៀមរាបជាគោលដៅចម្បងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា កំពុងឈានចូលដល់ដំណាក់កាលថ្មីនៃភាពរីកចម្រើនលើគុណភាពជីវិត ភាពច្នៃប្រឌិត និងទេសចរណ៍ប្រកបដោយនិរន្តភាព ។

កត្តាជំរុញដ៏សំខាន់មួយនៃការផ្លាស់ប្តូរនេះ កើតឡើងតាមរយៈការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់កម្ពុជា។ គេរំពឹងថា ព្រលានយន្តហោះថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរអន្តរជាតិឱ្យកាន់តែប្រសើរឡើងពេញមួយឆ្នាំ ២០២៦ ជាមួយនឹងជើងហោះហើរត្រង់ថ្មីៗពីប្រទេសនានា ដូចជា អារ៉ាប់រួម តួកគីយ៉េ ចិន និងជប៉ុនជាដើម។ ការអភិវឌ្ឍនេះ ធ្វើឱ្យការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញកាន់តែងាយស្រួលជាងមុន និងទាក់ទាញភ្ញៀវទេសចរនៅជុំវិញពិភពលោក ។

ក្រៅពីនេះ ទីកន្លែងថ្មីៗដូចជា វិថីថ្មើរជើងចតុមុខ (Chaktomuk Walk Street) បានប្រែក្លាយតំបន់មាត់ទន្លេឱ្យទៅជាទីកន្លែងសម្រាប់ដើរកម្សាន្ត ដែលសំបូរទៅដោយអាហារចម្រុះបែបខ្មែរតាមដងផ្លូវ វត្ថុអនុស្សាវរីយ៍ក្នុងស្រុក និងការប្រគំតន្ត្រីប្លែកៗជាច្រើន ដែលធ្វើឡើងនៅថ្ងៃចុងសប្តាហ៍។ សណ្ឋាគារនានាក៏កំពុងងាកមកប្រើប្រាស់ថាមពលបៃតងផងដែរ រួមទាំងការប្រើប្រាស់កង់បីអគ្គិសនី (e-tuktuks) ដើម្បីដឹកភ្ញៀវដើរកម្សាន្តក្នុងក្រុងថែមទៀតផង ។
អត្តសញ្ញាណរបស់រាជធានីភ្នំពេញ ក៏ត្រូវបានទទួលស្គាល់ដោយបេតិកភណ្ឌស្ថាបត្យកម្ម និងវប្បធម៌ផងដែរ។ ស្នាដៃរបស់អតីតស្ថាបត្យករឆ្នើម លោក វណ្ណ មូលីវណ្ណ នៅតែមានឥទ្ធិពលយ៉ាងខ្លាំង តាមរយៈការជួសជុលឡើងវិញតាមបែបអគារសម័យទំនើប និងរៀបចំផ្ទះចាស់របស់លោកឡើងវិញឱ្យក្លាយជាហាងកាហ្វេ និងសារមន្ទីរ។ ទន្ទឹមនឹងនេះដែរ សហគ្រិនខ្មែរជំនាន់ក្រោយ កំពុងបើកហាងដែលគិតគូរពីបរិស្ថាន ហាងកាហ្វេ និងផលិតភេសជ្ជៈ ដែលបង្កើតបានជាបរិយាកាសដ៏រស់រវើក សម្រាប់ភ្ញៀវទេសចរដែលចង់ស្វែងយល់ទាំងវប្បធម៌ និងការច្នៃប្រឌិតបែបសម័យថ្មី ។

ក្រៅពីរាជធានីភ្នំពេញ ទីកន្លែងផ្សេងទៀតនៅលើពិភពលោក រួមមាន៖ អារ៉ាប់រួម, អាល់ហ្សេរី, ជ្រលង Colchagua ប្រទេសឈីលី, កោះឃុក (Cook Islands), កូស្តារីកា, តំបន់ Hebrides ប្រទេសស្កុតឡែន, អ៊ីស៊ីកាវ៉ា ប្រទេសជប៉ុន, កោះ Komodo ប្រទេសឥណ្ឌូណេស៊ី, ទីក្រុងLoreto រដ្ឋ Baja California Sur ប្រទេសម៉ិកស៊ិកកូ, ម៉ុងតេណេហ្គ្រោ, ឆ្នេរអូរីហ្គិន សហរដ្ឋអាម៉េរិក, Oulu ប្រទេសហ្វាំងឡង់ដ៍, ទីក្រុងហ្វីឡាដេផ្យា (Philadelphia) សហរដ្ឋអាម៉េរិក, Guimarães ប្រទេសព័រទុយហ្គាល់, សាំប៊ូរូ (Samburu) ប្រទេសកេនយ៉ា, Santo Domingo សាធារណរដ្ឋដូមីនីកែន, ជ្រលង Slocan រដ្ឋ British Columbia ប្រទេសកាណាដា, Uluru ប្រទេសអូស្ត្រាលី, អ៊ុយរូហ្គាយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BBC | រូបភាព៖ Siemreaper/ PA/ BBC Travel