ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីកើនឡើងដល់ ១០០ពាន់លានដុល្លារ ខណៈមេដឹកនាំជួបពិភាក្សាគ្នាដើម្បីពង្រឹងសេដ្ឋកិច្ចបន្ថែមទៀត

image

សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី៖ មេដឹកនាំនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ហៅកាត់ថា EAEU បានជួបប្រជុំគ្នានៅទីក្រុង សេន ភេតធើស្ប៊ើក (St. Petersburg) ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់។ ថ្នាក់ដឹកនាំទាំងនោះ បានពិភាក្សាអំពីកំណើនសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍទៅថ្ងៃអនាគតនៃសហភាពនេះ ។
ក្នុងនោះ ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌើ លូកាសិនកូ (Alexander Lukashenko) បានលើកឡើងថា សេដ្ឋកិច្ចរបស់ EAEU កំពុងរីកចម្រើនជាលំដាប់ ដោយប្រាក់ឈ្នួលចេះតែបន្តកើនឡើង ខណៈអត្រាអ្នកអត់ការងារធ្វើមានកម្រិតទាប ហើយប្រទេសជាសមាជិកកំពុងត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។ បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការកាត់បន្ថយការនាំចូលពីក្រៅ ហើយពង្រឹងវិស័យកសិកម្មក្នុងតំបន់ឱ្យកាន់តែខ្លាំង ។
ជាមួយគ្នា ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាឌីរ ចាប៉ារ៉ូវ (Sadyr Japarov) បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសជាសមាជិក EAEU បានកើនឡើងដល់ជិត ១០០ ពាន់លានដុល្លារអាម៉េរិក។ លោកថា នេះបង្ហាញពីការទុកចិត្ត និងការជួយគ្នាទៅវិញទៅមក ប៉ុន្តែលោកក៏បានបន្ថែមថា នៅមានឱកាសច្រើនទៀតដើម្បីរីកចម្រើន ប្រសិនបើគេអាចកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការចំណាយផ្សេងៗ។
ក្នុងពេលដំណាលគ្នា នាយករដ្ឋមន្ត្រីអាម៉េនី លោក នីកុល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយដៃគូនានាដូចជា អ៊ីរ៉ង់ ចិន ឥណ្ឌា និងអារ៉ាប់រួម កំពុងរីកចម្រើនទៅមុខជាបន្តបន្ទាប់។ ជាងនេះទៀត លោកបានសម្តែងក្ដីត្រេកអរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌូណេស៊ី ហើយបានថ្លែងអំណរគុណដល់អាស៊ែបៃហ្សង់ ចំពោះការបើកផ្លូវដឹកជញ្ជូនឡើងវិញ ដែលលោកចាត់ទុកថាជាជំហានវិជ្ជមានឆ្ពោះទៅរកសន្តិភាព ។
ក្រៅពីនេះ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាយស៊ីមចូម៉ាត់ តូកាយ៉េវ (Kassym-Jomart Tokayev) បានលើកឡើងថា ការធ្វើពាណិជ្ជកម្មក្នុងចំណោមសមាជិក EAEU កំពុងកើនឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធរួមគ្នាក៏កំពុងរីកលូតលាស់ផងដែរ។ លោកបានស្នើឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយរៀបចំផែនការវិស័យពាណិជ្ជកម្មឱ្យកាន់តែប្រសើរ ហើយកាហ្សាក់ស្ថាននឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីនៅឆ្នាំក្រោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ RUSSIA'S PIVOT TO ASIA