ព័ត៌មានអន្តរជាតិ

មន្ត្រីអាម៉េរិក និងរុស្ស៊ី ជួបពិភាក្សាគ្នានៅទីក្រុង Miami ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

image

សហរដ្ឋអាម៉េរិក៖ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក និងរុស្ស៊ី បានជួបចរចាគ្នានៅក្នុងទីក្រុង ម៉ៃអាមី (Miami) រដ្ឋផ្លរីដា (Florida) ដើម្បីពិភាក្សាអំពីវិធីសាស្ត្របញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ ខណៈរដ្ឋបាលរបស់លោក ត្រាំ កំពុងបន្តកិច្ចប្រឹងប្រែងជំរុញឱ្យភាគីទាំងសងខាងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព ។
ការចរចានៅទីក្រុង Miami បានធ្វើឡើងបន្ទាប់ពីមន្ត្រីអាម៉េរិកបានជួបជាមួយតំណាងអ៊ុយក្រែន និងអឺរ៉ុប រួចរាល់កាលពីមួយថ្ងៃមុន។ កិច្ចពិភាក្សាទាំងនេះ គឺជាផ្នែកមួយនៃផែនការសន្តិភាពដ៏ធំមួយ ក្នុងគោលបំណងដើម្បីបញ្ឈប់ជម្លោះដែលបានចាប់ផ្តើមតាំងពីពេលរុស្ស៊ីបើកប្រតិបត្តិការវាយលុកក្នុងទឹកដីអ៊ុយក្រែនទាំងស្រុង កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
តំណាងពិសេសរបស់រុស្ស៊ី លោក ឃីរីល ឌីមីទ្រីវ (Kirill Dmitriev) បានជួបជាមួយតំណាងពិសេសរបស់អាម៉េរិក លោក ស្ទីវ វីកអោហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូស្នៀ (Jared Kushner)។ លោក ឌីមីទ្រីវ (Dmitriev) និយាយថា ការចរចានេះមានលក្ខណៈស្ថាបនា ដោយធ្វើឡើងក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ។
ការចរចានៅពេលមុនៗ បង្ហាញថាមានការរីកចម្រើនខ្លះទៅលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើរុស្ស៊ីនឹងយល់ព្រមតាមលក្ខខណ្ឌទាំងនេះឬយ៉ាងណាឡើយ។ លទ្ធផលចុងក្រោយនៃការចរចានេះ នៅតែមិនទាន់អាចដឹងច្បាស់ដូចគ្នា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Kremlin pool photo by Kristina Kormilitsina/Sputnik/EPA/ AFP Photo/ 24th Mechanized Brigade of Ukrainian Armed Forces/ Stringer/Reuters