យន្តហោះចម្បាំង Su-57 របស់រុស្ស៊ី មានសមត្ថភាពអាចវាយប្រហារសត្រូវទាំងលើអាកាស លើដី និងនៅលើទឹក ទោះក្នុងតំបន់នោះមានប្រព័ន្ធការពារដែនអាកាសទំនើបៗក៏ដោយ
រុស្ស៊ី៖ កាលពីដើមសប្ដាហ៍នេះ យន្តហោះចម្បាំង Su-57 របស់រុស្ស៊ី បានធ្វើការហោះហើរសាកល្បងលើកដំបូងបង្អស់ ដោយប្រើប្រាស់ម៉ាស៊ីនជំនាន់ទី៥ ថ្មីសន្លាងមួយឈ្មោះថា ប្រូដាក់១៧៧ (Product 177) ។
តាមរយៈខ្សែវីដេអូ បានបង្ហាញពីក្រុមការងារបច្ចេកទេស កំពុងរៀបចំយន្តហោះយ៉ាងយកចិត្តទុកដាក់ មុនដំណើរការហោះហើរសាកល្បង ។
យោងតាមក្រុមហ៊ុនរ៉ូស្តិក (Rostec) ឱ្យដឹងថា យន្តហោះនេះ បើកបរដោយអ្នកជំនាញផ្នែកបើកបរយន្តហោះសាកល្បងដ៏ល្បីល្បាញរបស់រុស្ស៊ី គឺលោក រ៉ូម៉ាន់ កុនដ្រាទីវ (Roman Kondratiev)។ ក្រុមហ៊ុនបានបន្ថែមដែរថា យន្តហោះ Su-57 មានសមត្ថភាពអាចវាយប្រហារសត្រូវទាំងលើអាកាស លើដី និងនៅលើទឹកថែមទៀតផង ទោះបីជាក្នុងតំបន់នោះមានប្រព័ន្ធការពារដែនអាកាសទំនើបៗកំពុងការពារក៏ដោយ ។
ម៉ាស៊ីន «ប្រូដាក់១៧៧» នេះ មានកម្លាំងរុញច្រានខ្លាំងទៅលើវត្ថុមានទម្ងន់រហូតដល់ ១៦,០០០ គីឡូក្រាមឱ្យផ្លាស់ទីទៅមុខបានយ៉ាងលឿន។ វាត្រូវបានរចនាឡើងដើម្បីជួយសន្សំសំចៃប្រេង និងធ្វើឱ្យម៉ាស៊ីនកាន់តែធន់ជាងមុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Russia Defense via Aero Time