សមាជិកសភាឥណ្ឌាមួយរូប ផ្ញើសារថា គ្មានសាសនាណាមួយបង្ហាញពី «សន្តិភាព» របស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ
ឥណ្ឌា៖ នៅមួយថ្ងៃមុនសេចក្ដីថ្លែងការរបស់ក្រសួងការបរទេសឥណ្ឌាដែលចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២៤ ខែធ្នូថា «សកម្មភាពខ្វះការគោរពរបស់ថៃដែលបំផ្លាញរូបសំណាកព្រហ្មញ្ញសាសនា គឺមិនគួរកើតមានឡើយ» សមាជិកសភាដ៏លេចធ្លោមួយរូបផ្សេងទៀតរបស់ឥណ្ឌា លោក វីចាយ៉ាសៃ រ៉េដឌី វី (Vijayasai Reddy V) បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖
ការបំផ្លាញរូបសំណាកព្រះនៅក្នុងព្រហ្មញ្ញសាសនា ដោយយកលេសចេញពីរឿងជម្លោះព្រំដែន គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ ទោះបីជាជារូបសំណាកនោះត្រូវបានកសាងដោយភាគីកម្ពុជា ឬអត់ក៏ដោយ ក៏ការវាយប្រហារលើរូបសំណាកនៃជំនឿសាសនា និងមរតកវប្បធម៌ គឺគ្រាន់តែបង្ហាញឱ្យឃើញពីកង្វះការអត់ឱន ឬសន្តានចិត្តចង្អៀតចង្អល់ប៉ុណ្ណោះ ។
ទាំងប្រទេសថៃ និងកម្ពុជា សុទ្ធតែជាប្រទេសកាន់ព្រះពុទ្ធសាសនា ប៉ុន្តែប្រវត្តិសាស្ត្របានកត់ត្រានូវការធ្វើសកម្មភាពបំផ្លិចបំផ្លាញម្តងហើយម្តងទៀតលើរូបសំណាក ប្រាង្គប្រាសាទហិណ្ឌូ និងការព្យាយាមលុបបំបាត់ចោល ។
អំពើហិង្សាលើនិមិត្តរូបដ៏វិសុទ្ធ មិនអាចត្រូវបានលាងជម្រះដោយពាក្យសម្ដីណាមួយបានឡើយ ហើយគ្មានសាសនាណាមួយដែលបង្ហាញពី «សន្តិភាព» របស់ខ្លួន តាមរយៈការបំផ្លិចបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Vijayasai Reddy V’s X account | រូបភាព៖ Telangana Today/ X/ Others