អ៊ីរ៉ង់ និយាយថា ខ្លួនមិនបារម្ភនោះទេ ចំពោះការព្រមានធ្វើអន្តរាគមន៍របស់លោកត្រាំ ដោយហៅស្ថានភាពផ្ទៃក្នុងរបស់អាម៉េរិកថា កំពុងទន់ខ្សោយខ្លាំង
អ៊ីរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ លោក វ៉ាហ៊ីត អាម៉ាឌី (Vahid Ahmadi) កាលពីចុងសប្ដាហ៍ថ្មីៗនេះ និយាយថា អ៊ីរ៉ង់មិនមានក្ដីព្រួយបារម្ភនោះទេ ចំពោះការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ។ នាពេលកន្លងមក លោកត្រាំ បានព្រមានថា អាម៉េរិកនឹងលូកដៃចូលអន្តរាគមន៍ ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់សម្លាប់អ្នកចូលរួមតវ៉ាដោយសន្តិវិធី។ ប៉ុន្តែលោក អាម៉ាឌី អះអាងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន ហើយនឹងវាយបកវិញយ៉ាងខ្លាំងក្លាបំផុត ប្រសិនបើមានអ្នកណាម្នាក់ហ៊ានវាយប្រហារអ៊ីរ៉ង់ ។
លោក អាម៉ាឌី យល់ថា ស្ថានភាពក្នុងប្រទេសអាម៉េរិកនាពេលបច្ចុប្បន្ន កំពុងទន់ខ្សោយខ្លាំង ដូច្នេះលោកមិនជឿថាអាម៉េរិកហ៊ានប្រថុយមកវាយអ៊ីរ៉ង់ឡើយ។ លោកក៏បានលើកឡើងដែរថា ប្រទេសអ៊ីស្រាអ៊ែលក៏កំពុងស្ថិតក្នុងស្ថានភាពទន់ខ្សោយដូចគ្នាដែរ។ ការលើកឡើងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីអាម៉េរិកបានធ្វើប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ូអ៊ីឡា លោក នីកូឡាស ម៉ាឌូរ៉ូ ។
ជុំវិញរឿងវេណេហ្ស៊ូអ៊ីឡាឯណោះវិញ មន្ត្រីអ៊ីរ៉ង់រូបនេះ បានលើកឡើងថា ប្រទេសនីមួយៗគួរតែមានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។ លោកយល់ថា វាអាស្រ័យលើប្រជាជនវេណេហ្ស៊ូអ៊ីឡាខ្លួនឯងក្នុងការជ្រើសរើសផ្លូវដើរសម្រាប់អនាគត។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហោះសារថា អាម៉េរិកនឹងចូលខ្លួនទៅជួយអ្នកតវ៉ានៅអ៊ីរ៉ង់ ប្រសិនបើពួកគេត្រូវអាជ្ញាធរអ៊ីរ៉ង់សម្លាប់ ។
ជាចុងក្រោយ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមេនី ក៏បានចេញមុខទាត់ចោលការសន្យារបស់លោក ត្រាំ ផងដែរ។ លោកបានហៅពាក្យសម្តីសន្យារបស់លោក ត្រាំ ថាជាការកុហក និងបោកប្រាស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Fars News Agency/AP/EPA/Shutterstock/ whitehouse/Instagram