ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំង Su-34 វាយប្រហារលើទីតាំងទ័ពអ៊ុយក្រែន

image


រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី៤ ខែមករា អះអាងថា យន្តហោះចម្បាំងប្រភេទ Su-34 របស់ខ្លួន បានធ្វើការវាយប្រហារលើទីតាំងមូលដ្ឋានទ័ពបណ្ដោះអាសន្នមួយកន្លែងរបស់អ៊ុយក្រែន នៅក្នុងតំបន់ជម្លោះ ។

រុស្ស៊ីបញ្ជាក់ថា ពួកគេបានប្រើគ្រាប់បែកប្រភេទពិសេស ដែលមានប្រព័ន្ធតម្រង់គោលដៅបានយ៉ាងច្បាស់ ខណៈកាលបរិច្ឆេទ និងទីតាំងពិតប្រាកដនៃវីដេអូពាក់ព័ន្ធនឹងការវាយប្រហារដែលរុស្ស៊ីបានបញ្ចេញនោះ នៅមិនទាន់មានការផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ ។

ចំណែកភាគីកងទ័ពអ៊ុយក្រែន បានរាយការណ៍ថា ក្នុងរយៈពេលពេញមួយថ្ងៃកន្លងទៅ រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសចំនួន ៦៧លើក និងទម្លាក់គ្រាប់បែកតម្រង់ទិសចំនួន ១៧៤គ្រាប់ ទៅលើទីតាំងការពាររបស់ខ្លួន ។

ជម្លោះនេះបានអូសបន្លាយតាំងពីចុងខែកុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ បន្ទាប់ពីរុស្ស៊ីបានសម្រេចចិត្តប្រើប្រាស់កម្លាំងប្រតិបត្តិការយោធាចូលក្នុងប្រទេសអ៊ុយក្រែន ដោយចោទថាអ៊ុយក្រែនមិនគោរពកិច្ចព្រមព្រៀងសន្តិភាព និងចង់ចូលជាសមាជិកអង្គការណាតូ (NATO) ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែន បានថ្កោលទោសសកម្មភាពនេះថាជាការឈ្លានពាន ស្របពេលសហរដ្ឋអាម៉េរិក និងអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនលើកលើរុស្ស៊ីផងដែរ ខណៈភាគីទាំងពីរ នៅតែធ្វើការវាយប្រហារលើគ្នាជាបន្តបន្ទាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Military Watch Magazine