ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ថៃ បានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោល ដោយបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា និងគោលដៅស៊ីវិលនានា ឥតរើសមុខ

image

ភ្នំពេញ៖ ក្នុងសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា បានមានប្រសាសន៍ថា ប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។ នៅក្នុងសកម្មភាពរំលោភបំពាននេះ កង យោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យ របស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែល កំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។ 

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិន គោរពស្មារតីនៃសហគមន៍អាស៊ានឡើយ។ ម្យ៉ាងទៀត សកម្មភាពបែបនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌ ពិភពលោក។

សម្តេចបន្តថា ឆ្លើយតបនឹងអំពើរំលោភបំពាននេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំ។ ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី តាមគ្រប់យន្តការ និងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ។ ប៉ុន្តែភាគីថៃបានពង្រីកសកម្មភាពវាយប្រហារកាន់តែធំឡើង ដោយមិនអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនេះឡើយ ដែលធ្វើឱ្យសភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរ និងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ស្ថិតក្នុងស្ថានការណ៍នេះ សហគមន៍អន្តរជាតិដែលតែងតែផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព មនុស្សធម៌ នីតិរដ្ឋ និងវិបុលភាពនោះ បានជំរុញយ៉ាងសកម្មដល់ការខិតខំដោះស្រាយជម្លោះ និងការកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញ អាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

ក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់កម្ពុជា និងថៃ បានឯកភាពអនុវត្តបទឈប់បាញ់ភ្លាម នៅនឹងកន្លែង ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ តទៅ។ ការឯកភាពគ្នានេះ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបញ្ជាក់នូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនានិងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់ អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល, ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬ សេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។ ក្នុងស្មារតីនេះ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដើម្បីនាំយកមក វិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕

អត្ថបទ៖ សន ពិសិដ្ឋ