អនុប្រធានាធិបតីអាម៉េរិក គាំទ្រការតវ៉ាដោយសន្តិវិធីនៅអ៊ីរ៉ង់ និងជំរុញឱ្យមានការចរចានុយក្លេអ៊ែរដោយស្មោះត្រង់
វ៉ាស៊ីនតោន, សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេឌី វែន (JD Vance) បានថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាម៉េរិកគាំទ្រប្រជាពលរដ្ឋនៅជុំវិញពិភពលោកដែលចូលរួមក្នុងការតវ៉ាដោយសន្តិវិធី និងតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ រួមទាំងប្រជាពលរដ្ឋអ៊ីរ៉ង់ផងដែរ ខណៈការធ្វើបាតុកម្មនៅតែបន្តកើតមាននៅក្នុងទីក្រុងមួយចំនួននៃប្រទេសអ៊ីរ៉ង់ ។
ជុំវិញសំណួរអំពីរបាយការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានសេចក្ដីរាយការណ៍ថា បាតុករនៅទីនោះបានបង្ហាញការគាំទ្រចំពោះសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ហើយថាតើទីក្រុងវ៉ាស៊ីនតោន នឹងឈរនៅខាងប្រជាពលរដ្ឋអ៊ីរ៉ង់? ឬចូលរួមដែរឬទេ ប្រសិនបើអ៊ីស្រាអ៊ែលវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ម្ដងទៀត?
លោក វែន (Vance) បានឆ្លើយតបដោយលើកឡើងថា សហរដ្ឋអាម៉េរិកឈរនៅខាងអ្នកទាំងឡាយណាដែលប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការតវ៉ាដោយសន្តិវិធី សេរីភាពក្នុងការរួបរួមគ្នាដោយគ្មានការបង្ខំ និងសេរីភាពក្នុងការបញ្ចេញមតិ។ លោកបានបន្តថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងដ៏ធ្ងន់ធ្ងរ ហើយបានបញ្ជាក់ជាថ្មីថា ជម្រើសដ៏ល្អបំផុតសម្រាប់ទីក្រុងតេហ៍រ៉ង់ គឺត្រូវចូលរួមក្នុងការចរចាដោយស្មោះត្រង់ជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
លោក Vance លើកឡើងជាបន្តថា «រឿងឆ្លាតវៃបំផុតដែលពួកគេគួរធ្វើ តាំងពីពីរខែមុន រហូតមកដល់ថ្ងៃនេះ គឺត្រូវមានការចរចាពិតប្រាកដជាមួយសហរដ្ឋអាម៉េរិក អំពីអ្វីដែលយើងចង់ឃើញពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ» ។
លោកបានបន្ថែមដែរថា ចំពោះការសម្រេចចិត្តនាពេលអនាគតទាក់ទងនឹងសកម្មភាពរបស់សហរដ្ឋអាម៉េរិក នឹងត្រូវផ្ដល់សេចក្ដីសម្រេចដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក នៅតែបន្តគាំទ្រមនុស្សនៅទូទាំងពិភពលោក រួមទាំងប្រជាជនអ៊ីរ៉ង់ ដែលកំពុងតស៊ូមតិដោយសន្តិវិធី ដើម្បីសិទ្ធិរបស់ពួកគេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Steadfast Loyalty/ Fars News Agency via AP & Getty Images