អតិផរណាទំនិញប្រើប្រាស់នៅចិន ហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំ ដោយគិតត្រឹមខែធ្នូ ឆ្នាំមុន
ចិន៖ តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៣ ឆ្នាំ កាលពីខែធ្នូ ឆ្នាំកន្លងទៅ។ ការកើនឡើងនេះកើតឡើងភាគច្រើនដោយសារតែតម្លៃចំណីអាហារ ជាពិសេសបន្លែ និងសាច់គោ បានឡើងថ្លៃខ្លាំង។ ទោះបីជាការឡើងថ្លៃនេះ មើលទៅដូចជាសេដ្ឋកិច្ចកំពុងរីកចម្រើន ប៉ុន្តែអត្រាអតិផរណាសរុបសម្រាប់ឆ្នាំ ២០២៥ ទាំងមូលគឺនៅទាបខ្លាំង ដែលបង្ហាញថាប្រជាជននៅតែមិនសូវចំណាយលុយកាក់ច្រើននៅឡើយ ។
សេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងបញ្ហាធំៗមួយចំនួនក្នុងពេលតែមួយ ដោយវិបត្តិអូសបន្លាយនៅក្នុងទីផ្សារអចលនទ្រព្យ និងបញ្ហាពិបាករកការងារធ្វើ បានធ្វើឱ្យប្រជាពលរដ្ឋមិនសូវមានទំនុកចិត្តក្នុងការចំណាយនោះទេ។ បន្ថែមពីនេះ សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកបានធ្វើឱ្យអាជីវកម្មពិបាករីកចម្រើន ដែលនាំឱ្យតម្រូវការទិញទំនិញនៅតែបន្តស្ថិតក្នុងកម្រិតទាប ។
ទោះបីជាតម្លៃអាហារឡើងថ្លៃ ប៉ុន្តែតម្លៃទំនិញជាច្រើនផ្សេងទៀតនៅតែបន្តធ្លាក់ចុះ ជាឧទាហរណ៍ តម្លៃសាច់ជ្រូកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈតម្លៃគ្រឿងអលង្ការ ដូចជា មាស បានឡើងថ្លៃខ្លាំងទៅវិញ។ បើយើងសម្លឹងមើលពេញមួយឆ្នាំ ការកើនឡើងតម្លៃទំនិញ គឺនៅទាបជាងអ្វីដែលរដ្ឋាភិបាលបានរំពឹងទុកឆ្ងាយណាស់ ដែលនេះជាសញ្ញាបង្ហាញថាស្ថានភាពសេដ្ឋកិច្ចនៅមិនទាន់ល្អប្រសើរនៅឡើយទេ ។
ក្នុងពេលដំណាលគ្នា តម្លៃទំនិញដែលចេញពីរោងចក្រ បានធ្លាក់ចុះអស់រយៈពេលជាង ៣ ឆ្នាំមកហើយ ដោយរឿងនេះកើតឡើងដោយសារតែរោងចក្រផលិតទំនិញច្រើនហួសពីចំនួនដែលប្រជាជនចង់ទិញ។ នៅពេលដែលមានទំនិញលក់ច្រើនពេក តែអ្នកទិញមានតិច ក្រុមហ៊ុននានាត្រូវបង្ខំចិត្តបញ្ចុះតម្លៃ ដើម្បីប្រកួតប្រជែងគ្នា ដែលធ្វើឱ្យពួកគេចំណេញបានតិចតួច ឬខាតបង់តែម្ដង ។
អ្នកជំនាញលើកឡើងថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជួយជ្រោងសេដ្ឋកិច្ចនាពេលកន្លងមក ហាក់ផ្ដល់លទ្ធផលតិចតួចនៅឡើយ។ កម្មវិធីផ្សេងៗ ដូចជាការផ្ដល់លុយឱ្យប្រជាជនដូរយកសម្ភារប្រើប្រាស់ថ្មីៗ មិនទាន់អាចផ្លាស់ប្តូរអារម្មណ៍របស់ពលរដ្ឋឱ្យហ៊ានចំណាយច្រើនឡើយ។ អ្នកសេដ្ឋកិច្ចជាច្រើន យល់ថា ប្រទេសចិននឹងបន្តជួបបញ្ហាតម្លៃទំនិញធ្លាក់ចុះនេះទៀត ប្រសិនបើរដ្ឋាភិបាលមិនដាក់ចេញវិធានការឱ្យកាន់តែខ្លាំងជាងមុន ។
រដ្ឋាភិបាលចិន បានសន្យាថានឹងប្រើប្រាស់វិធានការបន្ថែមទៀតដើម្បីជួយសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៦ អាជ្ញាធរគ្រោងនឹងបញ្ចុះអត្រាការប្រាក់ ដើម្បីឱ្យប្រជាជន និងអាជីវកម្មងាយស្រួលក្នុងការខ្ចីលុយយកមកប្រើប្រាស់។ បន្ថែមពីនេះ អាជ្ញាធរក៏បានត្រៀមថវិការាប់ពាន់លានដុល្លារដើម្បីជួយដល់រដ្ឋបាលមូលដ្ឋាន ក្នុងការបន្តកម្មវិធីលើកទឹកចិត្តឱ្យពលរដ្ឋទិញទំនិញប្រើប្រាស់កាន់តែច្រើន និងជួយទ្រទ្រង់ដំណើរការទីផ្សារ ។
ក្នុងឆ្នាំ ២០២៦ នេះ វិនិយោគិន និងអ្នកជំនាញ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើផែនការថ្មីៗទាំងនេះពិតជាមានប្រសិទ្ធភាពដែរឬទេ។ គោលដៅរបស់ចិន គឺការស្វែងរកតុល្យភាពមួយដែលប្រជាជនចង់ចំណាយលុយច្រើន ហើយរោងចក្រអាចលក់ទំនិញបានក្នុងតម្លៃសមរម្យ។ សម្រាប់ពេលនេះ ការតស៊ូប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃទំនិញ និងតម្រូវការខ្សោយ នៅតែជាភារកិច្ចចម្បងសម្រាប់ថ្នាក់ដឹកនាំចិន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ Source via Nikkei Asia/ Florence Lo via REUTERS/ Luo Yunfei | China News Service | Getty Images