សកម្មភាពតវ៉ារីករាលដាលនៅអ៊ីរ៉ង់បានបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិសាធារណៈកាន់តែច្រើនទៅៗ
អ៊ីរ៉ង់៖ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងម៉ាសាដ (Mashhad) កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលការតវ៉ា បានរីករាលដាលនៅពាសពេញប្រទេសអ៊ីរ៉ង់។ ក្នុងខ្សែវីដេអូ បានបង្ហាញពីទិដ្ឋភាពរថយន្តក្រុងចំនួនពីរគ្រឿងត្រូវភ្លើងឆាបឆេះ ហើយបើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយក្រុមអ្នកបង្កភាពវឹកវរ ក្នុងអំឡុងភាពអសន្តិសុខកំពុងបន្តកើតមានក្នុងប្រទេស។
ការតវ៉ាទ្រង់ទ្រាយធំ បានរីករាលដាលពាសពេញរដ្ឋធានីតេហ៍រ៉ង់ (Tehran) និងទីក្រុងម៉ាសាដ (Mashhad) ជាទីក្រុងធំបំផុតទីពីររបស់ប្រទេសនេះ ដោយមានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នារហូតដល់មានមនុស្សស្លាប់ រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខថែមទៀតផង ។
បាតុកម្មចាប់ផ្ដើមផ្ទុះឡើងជាលើកដំបូងនៅក្នុងរដ្ឋធានីនេះ កាលពីថ្ងៃទី២៨ ខែធ្នូ ដែលផ្ដើមចេញពីក្រុមអាជីវករដែលបានបញ្ចេញកំហឹងចំពោះការធ្លាក់ចុះជាប្រវត្តិសាស្ត្រនូវតម្លៃប្រាក់រីយ៉ាល់ (Rial) ក្នុងប្រទេសអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់ កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលភាគច្រើនជំរុញដោយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
ស្ថានភាពអសន្តិសុខកើតមានកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចំពេលមានការព្រមានពីសហរដ្ឋអាម៉េរិកថានឹងដាក់ទណ្ឌកម្មលើទីក្រុងតេហ៍រ៉ង់ ប្រសិនបើមានការបង្ក្រាបណាមួយដែលអាចកើតមានលើអ្នកតវ៉ាដោយសន្តិវិធី។ មួយរយៈមុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់កម្មវិធីវិទ្យុអាម៉េរិកមួយថា ប្រសិនបើ «ពួកគេ(អាជ្ញាធរអ៊ីរ៉ង់) ចាប់ផ្ដើមសម្លាប់មនុស្ស» នោះ «យើងនឹងវាយបកទៅកាន់ពួកគេវិញយ៉ាងធ្ងន់ធ្ងរបំផុត» ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា «ប្រសិនបើអ៊ីរ៉ង់បាញ់ និងសម្លាប់អ្នកចូលរួមតវ៉ាដោយសន្តិវិធី យ៉ាងសាហាវព្រៃផ្សៃ សហរដ្ឋអាម៉េរិកនឹងមកជួយសង្គ្រោះពួកគេ(អ្នកតវ៉ា)។ យើងបានត្រៀមលក្ខណៈរួចរាល់ និងរង់ចាំជាស្រេចដើម្បីធ្វើសកម្មភាព» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ screenshot from TASNIM News's Video via VIORY