ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC រកចំណូលបានជាង ៣៣ ពាន់លានដុល្លារក្នុងត្រីមាសទី៤ ដែលកើនឡើងលើសពីការរំពឹងទុក
តៃវ៉ាន់៖ ក្រុមហ៊ុនផលិតបន្ទះឈីប TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតនៅលើពិភពលោក បានរាយការណ៍នៅថ្ងៃសុក្រ ទី៩ ខែមករានេះថា ខ្លួនរកចំណូលបានសរុបប្រហែល ១,០៤៦.០៨ ពាន់ពាន់លានដុល្លារតៃវ៉ាន់ (ឬប្រហែល ៣៣,០៥ ពាន់លានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៣ ខែចុងក្រោយនាឆ្នាំ២០២៥ ។
ចំណូលក្នុងត្រីមាសទី៤ នេះ បានហក់ឡើងខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគនៅក្នុងទីផ្សារ ហើយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួននេះបានកើនឡើងរហូតដល់ ២០.៤៥%។ មូលហេតុចម្បងដែលធ្វើឱ្យចំណូលកើនឡើងខ្លាំងបែបនេះ គឺដោយសារតែមានការចាប់អារម្មណ៍ និងតម្រូវការខ្ពស់ខ្លាំងលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា AI ។
កាលពីមុន អ្នកជំនាញសេដ្ឋកិច្ចប្រមាណជា ២០នាក់បានធ្វើការព្យាករណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីប TSMC អាចនឹងរកប្រាក់ចំណូលបានត្រឹមតែប្រហែល ៣២.៧៣ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែលទ្ធផលជាក់ស្ដែង គឺខ្ពស់ជាងការប៉ាន់ស្មាន ។
គូសបញ្ជាក់ថា ក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) គឺជាអ្នកផ្គត់ផ្គង់បន្ទះឈីបដ៏សំខាន់បំផុតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន រួមមានក្រុមហ៊ុន អ៊ែនវីឌៀ (Nvidia) ដែលផលិតបន្ទះឈីបសម្រាប់បច្ចេកវិទ្យា AI និងក្រុមហ៊ុនអ៊ែបផល (Apple) ដែលផលិតទូរសព្ទ iPhone រួមទាំងគ្រឿងអេឡិចត្រូនិកផ្សេងទៀតជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ Reuters