ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់លោក Elon Musk ខាតបង់ប្រាក់ជិត ១,៥ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំមុន

image


សហរដ្ឋអាម៉េរិក៖៖ ក្រុមហ៊ុន xAI ដែលជាក្រុមហ៊ុនថ្មីថ្មោងផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់មហាសេដ្ឋីលោក អេឡុន ម៉ាស (Elon Musk) បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ក្នុងរង្វង់ប្រមាណជា ១,៤៦ ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី៣ ដោយគិតចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំកន្លងទៅ ។

ចំនួននៃការខាតបង់នេះ ច្រើនជាង ៣ខែមុន ដែលកាលណោះចំនួនខាតបង់មានត្រឹមប្រហែល ១ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតប្ល៊ូមប៊ើក (Bloomberg) ដោយយោងតាមឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ខណៈប្រាក់ចំណូលដែលក្រុមហ៊ុនទទួលបានក្នុងរយៈពេលដូចគ្នានេះ មានប្រហែល ១០៧លានដុល្លារ ជាចំនួនកើនឡើងទ្វេដង ។

ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) នៅមិនទាន់អាចធ្វើការបញ្ជាក់ភ្លាមៗដោយឯករាជ្យថា ព័ត៌មានខាងលើនេះជាព័ត៌មានពិតកម្រិតណានៅឡើយទេ។ នៅពេលដែលអ្នកសារព័ត៌មាន Reuters សាកសួរទៅកាន់ក្រុមហ៊ុន xAI ខាងក្រុមហ៊ុនបានឆ្លើយតបវិញយ៉ាងខ្លីថា «នោះជាសារព័ត៌មានចាស់ពីមុន និងនិយាយបំភ្លៃ» ។

របាយការណ៍បានបន្ថែមទៀតថា ក្នុងរយៈពេល ៩ខែដំបូងនាឆ្នាំ ២០២៥ ក្រុមហ៊ុន xAI បានចាយលុយអស់ចំនួន ៧,៨ ពាន់លានដុល្លារ។ ជាទូទៅ ក្រុមហ៊ុនបង្កើតថ្មីផ្នែកបច្ចេកវិទ្យា AI តែងតែចាយលុយអស់ច្រើនសន្ធឹកសន្ធាប់បែបនេះហើយ ព្រោះតែត្រូវយកទៅទិញគ្រឿងម៉ាស៊ីនទំនើបៗដែលមានតម្លៃថ្លៃ និងជួលអ្នកជំនាញល្បីៗមកធ្វើការ ។

នៅសប្តាហ៍នេះ ក្រុមហ៊ុន xAI ក៏បានប្រកាសដែរថា ខ្លួនទើបតែប្រមូលទុនបានចំនួន ២០ ពាន់លានដុល្លារបន្ថែមទៀតពីអ្នកវិនិយោគ ដោយលើសពីគោលដៅ ១៥ពាន់លានដុល្លារដែលបានដាក់ចេញ ដើម្បីយកមកបន្តអភិវឌ្ឍបច្ចេកវិទ្យា AI និងប្រព័ន្ធកុំព្យូទ័រឱ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ Stocktwits/ aiwereld.nl