អនុប្រធានាធិបតីអាម៉េរិក ដាស់តឿនអឺរ៉ុបឱ្យយកចិត្តទុកដាក់លើសន្តិសុខកោះ Greenland បើអឺរ៉ុបមិនធ្វើ ទុកឱ្យអាម៉េរិកធ្វើជំនួស
សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេឌី វែន (JD Vance) កាលពីពេលថ្មីៗនេះ បានថ្លែងថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលខុសត្រូវលើសន្តិសុខរបស់កោះគ្រីនលែន (Greenland) ប្រសិនបើបណ្ដាប្រទេសនៅអឺរ៉ុបមិនព្រមធ្វើរឿងនេះ។ លោកបានជំរុញឱ្យមេដឹកនាំអឺរ៉ុប យកចិត្តទុកដាក់ឱ្យមែនទែនចំពោះសម្តីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយឈប់ខ្វល់ពីការចុះផ្សាយដែលលោកហៅថាជា «ការផ្អើលជ្រុល» ពីសំណាក់សារព័ត៌មាន និងមន្ត្រីមួយចំនួន ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកវែន (Vance) បានឱ្យដឹងជាបន្តទៀតថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) នឹងជួបពិភាក្សាជាមួយមេដឹកនាំប្រទេសដាណឺម៉ាក និងកោះគ្រីនលែន នៅសប្តាហ៍ខាងមុខ។ លោកបានបញ្ជាក់ដែរថា រដ្ឋធានីវ៉ាស៊ីនតោន នឹងបន្តបញ្ជូនសាររបស់ខ្លួនទាំងតាមផ្លូវទូតជាសាធារណៈ និងដោយសម្ងាត់ ។
លោកវែន (Vance) បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍យ៉ាងច្បាស់អំពីសារៈសំខាន់នៃតំបន់យុទ្ធសាស្ត្ររបស់កោះគ្រីនលែន។ លោកបន្តថា កោះនេះដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់ពិភពលោកទាំងមូលទៀតផង ។
លោកក៏បានព្រមានដែរថា ប្រទេសដែលជាសត្រូវ កំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើកោះគ្រីនលែន និងតំបន់អាកទិក (តំបន់ប៉ូលខាងជើង)។ បើតាមលោកវែន (Vance) ការបង្កើនការយកចិត្តទុកដាក់ពីសំណាក់សត្រូវនេះហើយ ដែលធ្វើឱ្យសន្តិសុខនៅតំបន់នោះកាន់តែត្រូវយកចិត្តទុកដាក់ឡើងៗ ។
លោកវែន (Vance) និយាយថា សហរដ្ឋអាម៉េរិក រំពឹងថាដៃគូនៅអឺរ៉ុបនឹងយកចិត្តទុកដាក់លើសន្តិសុខកោះគ្រីនលែនឱ្យបានខ្លាំងជាងមុន។ ប្រសិនបើពួកគេមិនធ្វើទេ ទីក្រុងវ៉ាស៊ីនតោននឹងបង្ខំចិត្តធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ចំណាត់ការជាក់លាក់ណាមួយ គឺអាស្រ័យលើការសម្រេចចិត្តចុងក្រោយរបស់លោកប្រធានាធិបតី ត្រាំ ខណៈដែលការចរចាតាមផ្លូវទូតកំពុងតែបន្តដំណើរការ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY |រូបភាព៖ Skynews/ NTD/ RTE/ nilepost.co.ug