ព័ត៌មានអន្តរជាតិ

ចិន នឹងបន្តធ្វើពាណិជ្ជកម្មជាមួយដៃគូនៅតំបន់អាម៉េរិកឡាទីន ដោយបញ្ជាក់ថា ដើម្បីផលប្រយោជន៍រួម មិនមែនដណ្ដើមអំណាចនរណាឡើយ

image


ចិន៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក ហឺ យ៉ាទុង (He Yadong) កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងថា រដ្ឋធានីប៉េកាំង នឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាម៉េរិកឡាទីន។ ការប្រកាសនេះ ធ្វើឡើងចំពេលដែលសហរដ្ឋអាម៉េរិកធ្វើសកម្មភាពយោធា និងនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ូអ៊ីឡា។ មន្ត្រីចិនពន្យល់ថា ចិនចង់ជួយប្រទេសទាំងនោះឱ្យរីកចម្រើនទៅមុខជាមួយគ្នា និងប្រឈមមុខនឹងការផ្លាស់ប្តូរនានារបស់ពិភពលោកក្នុងស្មារតីសាមគ្គីភាពតែមួយ ។

អ្នកនាំពាក្យរូបនេះ រៀបរាប់ជាបន្តថា គោលដៅរបស់ពួកគេ គឺចង់ឱ្យមានការជួញដូរដោយយុត្តិធម៌ដែលផ្ដល់ផលចំណេញដល់គ្រប់ភាគី។ លោកបានសង្កត់ធ្ងន់ថា ចិនមិនបានព្យាយាមដណ្តើមអំណាចគ្រប់គ្រងតំបន់ទាំងនោះ ឬធ្វើឡើងដើម្បីប្រឆាំងនឹងប្រទេសណាផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ លោកថាចិននិងអាម៉េរិកឡាទីនមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ ដោយសារតែភាគីទាំងសងខាងមានទំនិញ និងធនធានដែលត្រូវការគ្នាទៅវិញទៅមក ។

សេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិកប្រកាសថា ប្រេងគុណភាពខ្ពស់ចំនួនរាប់សិបលានបារ៉ែលពីវេណេហ្ស៊ូអ៊ីឡា នឹងត្រូវផ្ទេរចេញទៅកាន់សហរដ្ឋអាម៉េរិក ខណៈអាម៉េរិក នឹងដើរតួជាអ្នកសម្រេចលើការគ្រប់គ្រងចំណូលដែលបានមកពីការលក់ប្រេង ហើយលុយទាំងនោះ នឹងបង្វិលទៅជួយប្រជាជនវេណេហ្ស៊ូអ៊ីឡា ក្រោមការដឹកនាំរបស់អាជ្ញាធរបណ្ដោះអាសន្នថ្មី ។

ជាយូរមកហើយ ចិនគឺជាអ្នកទិញប្រេងដ៏ធំជាងគេបំផុតពីប្រទេសវេណេហ្ស៊ូអ៊ីឡា ហើយរឿងនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចវេណេហ្ស៊ូអ៊ីឡា ព្រោះវាផ្ដល់ចំណូលសម្រាប់ជាតិ ខណៈប្រទេសផ្សេងទៀតបាននាំគ្នាបិទខ្ទប់ការរកស៊ីជាមួយពួកគេជុំវិញបញ្ហាទណ្ឌកម្មផ្សេងៗ ។

ស្ថានភាពបច្ចុប្បន្ន កំពុងមានភាពតានតឹងខ្លាំង ក្រោយពេលមេដឹកនាំវេណេហ្ស៊ូអ៊ីឡា ត្រូវបានចាប់ខ្លួន។ ក្នុងពេលដំណាលគ្នា ចិននៅតែបន្តជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយសន្តិវិធី និងមិត្តភាពយូរអង្វែងជាមួយដៃគូក្នុងតំបន់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ weforum.org/ chinacenter.net