ទូតម៉ាឡេស៊ី បង្ហាញការគាំទ្រដល់កម្មវិធីក្បួនរថយន្តឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ជាពិសេស គឺការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌
ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ី បានរៀបចំពិធីទទួលស្វាគមន៍ប្រតិភូ សរុបជាង ៦០រូប នៃក្បួនរថយន្តឆ្លងកាត់ព្រំដែន TRANS ASEAN MADANI 2026 ដែលបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ។ ក្បួនរថយន្តឆ្លងកាត់ព្រំដែននេះ គឺជាគំនិតផ្តួចផ្តើមការទូតរវាងប្រជាជន និងប្រជាជន ដែលមានគោលបំណងពង្រឹងទំនាក់ទំនងឆ្លងដែន និងសាមគ្គីភាពក្នុងតំបន់ ក្នុងចំណោមប្រទេសអាស៊ាន។
ថ្លែងក្នុងពិធីជួបជុំនេះ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោក Shaharuddin Onn បានបញ្ជាក់ថា ស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញ គាំទ្រ និងសម្របសម្រួលចំពោះគំនិតផ្តួចផ្តើមក្នុងតំបន់ ដែលផ្តោតលើប្រជាជន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ កម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសម៉ាឡេស៊ី ក្នុងការពង្រឹងទំនាក់ទំនងម៉ាឡេស៊ី-កម្ពុជា។
លោកឯកអគ្គរាជទូត បានលើកឡើងបន្ថែមថា កម្មវិធីនេះឆ្លុះបញ្ចាំងពីតម្លៃរបស់ Malaysia MADANI និងពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងឯកភាពអាស៊ាន។ ក្បួនរថយន្តនេះ គាំទ្រដោយផ្ទាល់ដល់ កម្មវិធីទេសចរណ៍ម៉ាឡេស៊ី ២០២៦ ដោយផ្សព្វផ្សាយប្រទេសម៉ាឡេស៊ី ជាគោលដៅទេសចរណ៍ដ៏រួសរាយរាក់ទាក់ និងទាក់ទាញ។ ជាងនេះទៅទៀត កម្មវិធីនេះ ជួយផ្សព្វផ្សាយនៅហ្នឹងកន្លែង ដោយចូលរួមជាមួយសហគមន៍ក្នុងស្រុក និងអ្នកធ្វើដំណើរទូទាំងតំបន់។
លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានបន្ថែមថា ប្រទេសកម្ពុជា គឺជាទីផ្សារទេសចរណ៍ដែលមានសក្តានុពលខ្ពស់សម្រាប់ប្រទេសម៉ាឡេស៊ី ដែលចំនួនភ្ញៀវទេសចរ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត រួមជាមួយនឹងកម្មវិធីទេសចរណ៍ម៉ាឡេស៊ី ២០២៦។ ក្បួនរថយន្តនេះ បង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ផ្លូវគោក និងការរីកចម្រើននៃចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា។
សូមបញ្ជាក់ថា ក្បួនរថយន្តឆ្លងកាត់ព្រំដែន TRANS ASEAN MADANI 2026 មានអ្នកចូលរួមចំនួន ៦៥នាក់ និងយានយន្តចំនួន ១៥គ្រឿង ដែលតំណាងឱ្យសហគមន៍ម៉ាឡេស៊ី អង្គការអតីតនិស្សិត និងដៃគូ។ ក្បួនរថយន្តនេះ បានចេញធ្វើដំណើរតាមផ្លូវគោកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ឆ្លងកាត់ប្រទេសថៃ កម្ពុជា និងឡាវ។ កម្មវិធីនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
កម្មវិធីក្បួនរថយន្តឆ្លងកាត់ព្រំដែននេះ ត្រូវបានគេរំពឹងថា នឹងលើកទឹកចិត្តដល់ទេសចរក្នុងអាស៊ាន និងចូលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃកម្មវិធី ទេសចរណ៍ម៉ាឡេស៊ី ២០២៦។ គំនិតផ្តួចផ្តើមនេះ ក៏នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ណែនាំគោលដៅទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសជិតខាង និងលើកទឹកចិត្តដល់ការចែករំលែកចំណេះដឹងតាមរយៈដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគមន៍តាមបណ្តោយផ្លូវ ដែលក្បួនឆ្លងកាត់៕