ព័ត៌មានអន្តរជាតិ

សហរដ្ឋអាម៉េរិកនឹងផ្តល់ថវិកាប្រមាណជា ៤៥ លានដុល្លារ ដើម្បីជួយគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ

image


សហរដ្ឋអាម៉េរិក៖ អំឡុងបំពេញទស្សនកិច្ចក្នុងតំបន់ អ្នកការទូតជាន់ខ្ពស់អាម៉េរិកប្រចាំតំបន់អាស៊ីបូព៌ា នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ៤៥ លានដុល្លារដល់ប្រទេសកម្ពុជា និងថៃ ដើម្បីជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ប្រទេសទាំងពីរ ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា លោក Michael DeSombre បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «សហរដ្ឋអាម៉េរិកនឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងខណៈដែលពួកគេកំពុងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពសម្រាប់ប្រជាជនរបស់ពួកគេ ក៏ដូចជាសម្រាប់តំបន់ទាំងមូល» ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយរូប លើកឡើងថា លោក DeSombre នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ថៃ និងកម្ពុជានៅក្នុងទីក្រុងបាងកក និងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែទូលំទូលាយក្នុងការលើកកម្ពស់ផលប្រយោជន៍រួមគ្នា ដើម្បីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានសុវត្ថិភាព ភាពរឹងមាំ និងវិបុលភាពជាងមុន ។

លោក DeSombre បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក ដែលបានកាត់បន្ថយកម្មវិធីជំនួយបរទេសទូទាំងពិភពលោកក្រោមរដ្ឋបាលលោក ត្រាំ នឹងផ្តល់ថវិកាចំនួន ១៥ លានដុល្លារសម្រាប់ស្ថិរភាពព្រំដែន ដើម្បីជួយសហគមន៍ឱ្យមានភាពប្រសើរឡើងវិញ និងជួយដល់ប្រជាជនដែលភៀសខ្លួនដោយសារតែជម្លោះនាពេលថ្មីៗនេះ រួមទាំងថវិកាចំនួន ១០ លានដុល្លារទៀតសម្រាប់ការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។

លោក DeSombre បន្តថា សហរដ្ឋអាម៉េរិកក៏នឹងផ្តល់ប្រាក់ចំនួន ២០ លានដុល្លារសម្រាប់គំនិតផ្ដួចផ្ដើមដែលនឹងជួយកម្ពុជា និងថៃក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ការជួញដូរគ្រឿងញៀន និងកម្មវិធីផ្សេងៗទៀត។ រដ្ឋបាលលោក ត្រាំ បានកំណត់ថាការប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍គឺជាអាទិភាពមួយ ដោយសារតែពលរដ្ឋអាម៉េរិកបានក្លាយជាគោលដៅនៃប្រតិបត្តិការបោកប្រាស់ហិរញ្ញវត្ថុទាំងនោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ AKP/ AFP