ធាតុអាកាសនៅកម្ពុជាបន្តចុះត្រជាក់ ដែលមានសីតុណ្ហភាព១៤°C នៅតំបន់ខ្ពង់រាប និង១៧°C នៅតំបន់វាលទំនាប
ភ្នំពេញ៖ យោងតាមការឱ្យដឹងពី ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C និងខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៤°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C និងខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C និងខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕