រដ្ឋបាលខេត្តស្ទឹងត្រែង ចេញលិខិតណែនាំ ស្តីពីការទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃក្នុងរដូវប្រាំង
ស្ទឹងត្រែង៖ ក្នុងគោលបំណងការពារ និងអភិរក្សធនធានព្រៃឈើ បរិស្ថានធម្មជាតិ ជីវចម្រុះ ព្រមទាំងការពារសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងរដូវប្រាំងដែលមានហានិភ័យខ្ពស់នៃការកើតមានភ្លើងឆេះព្រៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញលិខិតណែនាំ ស្តីពីការទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃក្នុងរដូវប្រាំង។
តាមលិខិតណែនាំនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃឱ្យបានម៉ឺងម៉ាត់ ដោយហាមឃាត់ដាច់ខាតការដុតព្រៃ ដុតស្មៅ ដុតចម្ការ ឬការប្រើប្រាស់ភ្លើងដោយគ្មានការត្រួតពិនិត្យ ដែលអាចបណ្តាលឲ្យឆេះរាលដាលដល់តំបន់ព្រៃឈើ។
រដ្ឋបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់នៃភ្លើងឆេះព្រៃ និងច្បាប់ពាក់ព័ន្ធ ព្រមទាំងត្រៀមកម្លាំង និងឧបករណ៍ចាំបាច់ សម្រាប់អន្តរាគមន៍ទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍កើតឡើង។
ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ចំពោះបុគ្គល ឬក្រុមបុគ្គលណា ដែលល្មើសបំពានដោយចេតនា ឬប្រហែសធ្វើឲ្យកើតមានភ្លើងឆេះព្រៃ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។
រដ្ឋបាលខេត្ត សង្ឃឹមថា ដោយមានការចូលរួមសហការពីគ្រប់ភាគី នឹងអាចកាត់បន្ថយ និងទប់ស្កាត់ការកើតមានភ្លើងឆេះព្រៃបានប្រកបដោយប្រសិទ្ធភាព ដើម្បីថែរក្សាព្រៃឈើ និងបរិស្ថានសម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត៕
អត្ថបទ៖ ម៉ាក មេត្តា