សម្តេចបវរធិបតី អំពាវនាវដល់ជនភៀសសឹកបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចំពោះការរង់ចាំវិលត្រឡប់ទៅកាន់លំនៅឋានវិញ ខណៈការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងតែអនុវត្ត
------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនភៀសសឹកទាំងអស់សូមបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចំពោះការរង់ចាំវិលត្រឡប់ទៅកាន់លំនៅឋានវិញ ខណៈការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទះុកំពុងតែអនុវត្ត។
នេះជាការថ្លែងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតីបានថ្លែងថា “ចំពោះបងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានបាន និងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួល ដើម្បីឲ្យបងប្អូនជនភៀសសឹកបានត្រឡប់ទៅកាន់លំនៅដ្ឋានបានឆាប់បំផុតតាមតែអាចធ្វើបាន ក្រោមការសម្របសម្រួលរបស់អាជ្ញាធរស្ថាប័នពាក់ព័ន្ធ ប្រតិបត្តកតមីន ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ បាន និងកំពុងខិតខំយ៉ាងសកម្មក្នុងការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់ មុននឹងអនុញ្ញាតឲ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញ”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ