ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលបាន និងកំពុងវាយតម្លៃបណ្តើរៗ លើទិដ្ឋភាពសំខាន់ ៣ ដើម្បីជួយស្តារជីវភាពជនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន

image

-----
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "រាជរដ្ឋាភិបាលបាន និងកំពុងវាយតម្លៃបណ្តើរៗ លើទិដ្ឋភាពសំខាន់ចំនួន ៣ ដើម្បីជួយស្តារជីវភាពជនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន"។ នេះជាការថ្លែងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦នេះ។
បើតាមសម្តេចបវរធិបតី រាជរដ្ឋាភិបាលបាន និងកំពុងវាយតម្លៃបណ្តើរៗ លើទិដ្ឋភាពសំខាន់ចំនួន ៣ ដើម្បីជួយស្តារជីវភាពជនភៀសសឹក ទី ១ គឺផលប៉ះពាល់ដល់ដំណាំ ទី២ បំណុល និងទី៣ ការស្តារឡើងវិញ បន្ទាន់ នូវសេវាសាធារណៈចំបាច់ ជាពិសេសបណ្តាទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ និងបណ្តាញដែលស្ថិតនៅក្រោមការវិនិយោគរបស់ប្រតិបត្តិករឯកជន"។
សម្តេចបវរធិបតីក៏បានឲ្យដឹងដែរថា “ជាមួយនឹងការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចរៀបចំគ្រប់គ្រង ការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា។ សម្តេចបានបន្តថា “ក្រុមការងារចំពោះកិច្ចបាន និងកំពុងជាប់បំពេញភារកិច្ចនៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងសេចក្ដីត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ សម្រាប់គាំពារជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹក នៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ សំដៅស្តារជីវភាព និងជំរុញសកម្មភាពរស់នៅប្រចាំថ្ងៃឡើងវិញឲ្យបានឆាប់រហ័ស"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ