ព័ត៌មានអន្តរជាតិ

ទូកទេសចរណ៍ល្បឿនលឿន បុកទូកនេសាទក្បែរកោះភីភី ប្រទេសថៃ បណ្ដាលឱ្យមនុស្ស១១នាក់រងរបួស ខណៈម្នាក់ក្នុងចំណោមនោះរងរបួសធ្ងន់

image


ថៃឡង់ដ៍៖ យោងតាមកាសែត Amarin TV (ភាសាថៃ) បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ ២០២៦នេះថា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេត បានរាយការណ៍ពីគ្រោះថ្នាក់ទូកបុកគ្នានៅកណ្តាលសមុទ្រអាន់ដាម៉ាន់ (Andaman) ម្តុំកោះកៃ ខេត្តក្រាប៊ី។ នៅវេលាម៉ោងប្រហែល ៨:៥៥ នាទីព្រឹក ទូកទេសចរណ៍ល្បឿនលឿនរបស់ក្រុមហ៊ុនទេសចរណ៍មួយគ្រឿង បានបុកគ្នាជាមួយទូកនេសាទនៅក្នុងតំបន់នោះ ។
ក្រោយទទួលបានដំណឹងនេះ ខេត្តភូកេតបានសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដោយបានបញ្ជូនទូកសង្គ្រោះចំនួន ២គ្រឿង ចេញទៅជួយសង្គ្រោះ និងដឹកជញ្ជូនអ្នកទេសចរចេញពីកន្លែងកើតហេតុជាបន្ទាន់។
យោងតាមរបាយការណ៍បន្ថែមពីខាងមន្ត្រីកំពង់ផែភូកេត លើកឡើងថា ទូកទេសចរណ៍ដែលជួបគ្រោះថ្នាក់នោះ មានផ្ទុកមនុស្សសរុបចំនួន ៥៥នាក់ (បុគ្គលិក ៣នាក់)។ គ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្ស ១១ នាក់រងរបួស (របួសធ្ងន់ម្នាក់) ហើយបច្ចុប្បន្នអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកោះភីភី ។
តាមការពិនិត្យបឋម ទូកទេសចរណ៍មួយគ្រឿងរងការខូចខាត ចំណែកឯទូកនេសាទ ត្រូវបានរកឃើញថា មិនមានការខូចខាតនោះទេ និងមិនមានប៉ះពាល់ដល់បរិស្ថានសមុទ្រឡើយ ខណៈមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Amarin TV (ភាសាថៃ)