លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បន្តដឹកនាំរៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់ពីព្រឹត្តិការណ៍ Rise For Khmer យកទៅចែកជូនបងប្អូនជនភៀសសឹក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ នៅឯការិយាល័យសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំក្រុមការងារនៃមូលនិធិ Rise For Khmer បន្តរៀបចំវេចខ្ចប់សម្ភារប្រើប្រាស់ និងស្បៀងអាហារ សរុបចំនួន ១៨០០កញ្ចប់ ដើម្បីដឹកជញ្ជូនបន្តយកទៅចែកជូនក្រុមគ្រួសារកងទ័ពវីរកងទ័ព និងជនភៀសសឹក។
ទោះបីជាសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហាក់មានសភាពធូរស្បើយបន្តិច ហើយគ្រួសារជនភៀសសឹកមួយចំនួនបានវិលត្រឡប់ទៅកាន់គេហដ្ឋានខ្លះហើយក្តី ប៉ុន្តែក្នុងនាមជាកម្លាំងសាមគ្គីជួរក្រោយ ពួកយើងនៅតែបន្តរៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនសម្រាប់ឧបត្ថម្ភបន្តជូនដល់បងប្អូនជួរមុខជាបន្តបន្ទាប់ ពិសេសសម្រាប់ជូនដល់បងប្អូនភៀសសឹកមួយចំនួនធំ ដែលមិនទាន់អាចវិលត្រឡប់ទៅគេហដ្ឋានវិញបាន។
គួរបញ្ជាក់ថា Rise For Khmer គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រី ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ផលិតកម្មបារមី និងក្រុមហ៊ុនសប្បាយតារា (ប្រទេសបារាំង) ដោយមានការឧបត្ថម្ភធំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន ជីប ម៉ុង លែន និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងនាំយកសិល្បៈវប្បធម៌ដ៏ល្អផូរផង់កម្ពុជាទៅបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។
Rise For Khmer ក៏ជាស្មារតីរួមនៃការងារមនុស្សធម៌ដ៏អស្ចារ្យ ក្នុងការកៀរគរថវិកាជួយដល់ប្រជាជនកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃ ដែលទទួលរងផលប៉ះពាល់ពីការឈ្លានពាន, បាញ់ប្រហារយ៉ាងព្រៃផ្សៃពីកម្លាំងយោធាប្រទេសថៃ។ ហើយព្រឹត្តិការណ៍ Rise For Khmer ក៏ជាការនាំសារដ៏សំខាន់ពីកម្ពុជាទៅប្រាប់ពិភពលោកឱ្យច្បាស់ថា ប្រទេសថៃ គឺជាអ្នកបង្កសង្គ្រាម ជាអ្នកឈ្លានពាន តែប្រទេសថៃតែងបំភ្លៃ និងសម្តែងថា ខ្លួនជាប្រទេសរងគ្រោះដោយគ្មានភាពអៀនខ្មាស។
សូមជម្រាបថា តាមរយៈភាពជោគជ័យនៃព្រឹត្តិការណ៍ Rise For Khmer នៅទីក្រុងប៉ារីសប្រទេសបារាំង យើងបានទទួលថវិកាសរុបប្រមាណ ៨ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីនាំយកមករៀបចំកម្មវិធីសប្បុរសធម៌ជូនពុកម៉ែ បងប្អូនជនភៀសសឹក និងវីរកងទ័ពរបស់យើងជាបន្តបន្ទាប់។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា ទោះបីជាសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ហាក់ថមថយកម្តៅបន្តិចក្តី ប៉ុន្តែពួកយើងនៅតែរួបរួមសាមគ្គី ចាប់ដៃគ្នាឈរលើស្មារតីជាធ្លុងតែមួយ និងឱ្យកាន់តែរឹងមាំជាងពេលណាៗទាំងអស់៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី, ប៉ក់ សុឃីម, អ៊ុន ផាន់ណាត