មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងចុះជួបផ្ទាល់ក្រុមហ៊ុននៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយភូមិភាគឦសានទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ
មណ្ឌលគិរី៖ ក្នុងគោលដៅជំរុញល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនភាពទាក់ទាញដល់វិនិយោគិននៅតំបន់ភូមិភាគឦសាន លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកនៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចពិភាក្សា និងចុះត្រួតពិនិត្យទីតាំងគម្រោងវិនិយោគជាក់ស្តែង ដោយមានការចូលរួមពី លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ដមណ្ឌលគិរី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនវិនិយោគនានា នៅខេត្តមណ្ឌលគិរី នាថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០២៦។
លោក ពេជ្រ សម្បត្តិ បានឱ្យដឹងថា ការចុះជួបផ្ទាល់ជាមួយក្រុមហ៊ុន សហគ្រាសនាពេលនេះ ដើម្បីវាយតម្លៃពីវឌ្ឍនភាពការងារ និងសក្តានុពលជាក់ស្តែងនៃដីធ្លី និងហេដ្ឋរចនាសម្ព័ន្ធក្នុងតំបន់ ជាពិសេសដើម្បីឈ្វេងយល់ពីស្ថានភាពអាជីវកម្ម និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួបប្រទះ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យការវិនិយោគមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។
លោក ពេជ្រ សម្បត្តិ បានបញ្ជាក់ថា ការចុះជួបផ្ទាល់នេះ មិនមែនត្រឹមតែជាការចុះពិនិត្យតាមបែបបទរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ទំនុកចិត្ត និងការគាំទ្រជាក់ស្តែងដល់វិនិយោគិន។ ការដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង និងការផ្តល់ប្រឹក្សាយោបល់ផ្ទាល់ ជាគន្លឹះសំខាន់ក្នុងការជំរុញបរិយាកាសវិនិយោគនៅភូមិភាគឦសាន ឱ្យកាន់តែមានភាពប្រកួតប្រជែង និងមានចីរភាព។ តាមរយៈសកម្មភាពនេះ រាជរដ្ឋាភិបាលកម្ពុជា រំពឹងថានឹងអាចប្រែក្លាយខេត្តមណ្ឌលគិរី និងខេត្តដទៃទៀតក្នុងភូមិភាគឦសានឱ្យក្លាយទៅជាគោលដៅវិនិយោគដ៏សំខាន់ ជាពិសេសលើវិស័យកសិឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងការកែច្នៃ ដែលនឹងបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់កាន់តែច្រើនឡើង។
លោកក៏បានលើកទឹកចិត្ត និងជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមគាំទ្រ ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់ការវិនិយោគនៅក្នុងតំបន់ និងអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាសទាំងអស់ បង្កើនការវិនិយោគឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរុងរឿង ប្រកបដោយបរិយាប័ន្ន នៅក្នុងបណ្តាខេត្តជាប់ព្រំដែន។
សូមបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីជំរុញការវិនិយោគលើវិស័យអាទិភាពទាំងបី ដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលភាពនៅខេត្តភូមិភាគឦសាន ចំនួន៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី៕
អត្ថបទ៖ ប៊ុត សុភ័ក្រ