ព័ត៌មានអន្តរជាតិ

មនុស្សរាប់រយនាក់នៅក្នុងទីក្រុងប៉ារីស ចេញតវ៉ាប្រឆាំងនឹងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា

image



ប៉ារីស, បារាំង៖ ក្រុមអ្នកតវ៉ារាប់រយនាក់ បានបង្ហាញវត្តមានជួបជុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងជម្លោះដែលកំពុងបន្ត និងវិបត្តិជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា (Gaza) ក៏ដូចជាការបន្តរាំងស្ទះដោយទាហានអ៊ីស្រាអ៊ែល ។

អ្នកចូលរួមក្នុងការតវ៉ា មានកាន់ផ្ទាំងបដាទាមទារឱ្យបញ្ឈប់ «សកម្មភាពប្រល័យពូជសាសន៍» និង «ការធ្វើអាណានិគម» ដោយបង្ហាញពីការមិនពេញចិត្តដែលជំនួយអន្តរជាតិនៅតែប្រឈមការរារាំង។ អ្នកចូលរួមតវ៉ា បានចាត់ទុកកង្វះខាតកិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពពីសហគមន៍អន្តរជាតិ គឺជា «ភាពស្ងប់ស្ងាត់ដែលកំពុងសម្លាប់មនុស្សជាបន្តបន្ទាប់» ។

ចំណុចស្នូលនៃព្រឹត្តិការណ៍បាតុកម្មនេះ ធ្វើឡើងដើម្បីបង្ហាញនូវការរិះគន់លើគោលជំហររបស់រដ្ឋាភិបាលបារាំងចំពោះបញ្ហាជម្លោះនេះ។ បើទោះបីជាបារាំង បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការក៏ដោយ ក៏ក្រុមបាតុករយល់ឃើញថា នេះគ្រាន់តែជាកាយវិការដើម្បីផលចំណេញផ្នែកនយោបាយប៉ុណ្ណោះ។ អ្នកតវ៉ា លើកឡើងថា បារាំងនៅតែបន្តផ្គត់ផ្គង់អាវុធទៅឱ្យអ៊ីស្រាអ៊ែល ដែលនាំឱ្យអំពើហិង្សា នៅតែកើតមានជាបន្ត ។

សកម្មជននៅក្នុងព្រឹត្តិការណ៍ជួបជុំនេះ បានសម្តែងក្ដីព្រួយបារម្ភផងដែរថា «ព្រឹត្តិការណ៍សកលផ្សេងទៀត ដូចជាភាពចលាចលនៅក្នុងប្រទេសវេណេហ្ស៊ីអ៊ីឡា កំពុងតែបិទបាំងទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីន។ ទោះបីជាមានសេចក្តីរាយការណ៍អំពីបទឈប់បាញ់ក៏ដោយ ក៏បាតុករនៅតែអះអាងថា មនុស្សរាប់រយនាក់នៅតែស្លាប់ជារៀងរាល់ថ្ងៃនៅតំបន់ហ្គាហ្សា។ អ្នកតវ៉ា បានជម្រុញឱ្យសាធារណជន និងរដ្ឋាភិបាល កុំបណ្តោយឱ្យមហន្តរាយមនុស្សធម៌នៅប៉ាឡេស្ទីន ត្រូវបានបំភ្លេចចោលដោយសារតែព័ត៌មានផ្សេងៗ ។

គួររម្លឹកថា រហូតមកដល់ពេលនេះ មនុស្សជាង ៧០,១០០ នាក់បានបាត់បង់អាយុជីវិតនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់កំពុងមានជម្លោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY