ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ បង្ហាញវត្តមានជួបជុំគ្នាក្នុងទីក្រុងប៉ារីស ដើម្បីសម្ដែងការគាំទ្រចំពោះប្រជាជនអ៊ីរ៉ង់

image



ប៉ារីស, បារាំង៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានជួបជុំគ្នានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនអ៊ីរ៉ង់ ខណៈបាតុកម្មប្រឆាំងរដ្ឋាភិបាលកំពុងបន្តកើតមាននៅទូទាំងប្រទេសអ៊ីរ៉ង់ ដែលនាំឱ្យមនុស្សជាង ៥០០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវអាជ្ញាធរចាប់ខ្លួន ។

ការជួបជុំគ្នានៅក្នុងទីក្រុងប៉ារីស កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាផ្នែកមួយនៃចលនាសកលដ៏ធំមួយ ដោយមានការតវ៉ាស្រដៀងគ្នានេះ បានកើតឡើងនៅក្នុងទីក្រុងធំៗ ដូចជា ទីក្រុងឡុងដ៍ តូរ៉ុនតូ និងម៉ុងរ៉េអាល់។ ក្រុមអ្នកចូលរួមព្រឹត្តិការណ៍តវ៉ា មានគោលបំណងធ្វើជាសំឡេងគាំទ្រសម្រាប់អ្នកដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបច្ចុប្បន្នកំពុងប្រឈមនូវការបង្ក្រាប និងកាត់ផ្តាច់ទំនាក់ទំនងដោយរដ្ឋាភិបាល ។

ក្តីបារម្ភចម្បងដែលបានលើកឡើងនៅក្នុងការជួបជុំគ្នានេះ គឺជា «សកម្មភាពទាំងឡាយដែលធ្វើឱ្យអ៊ីរ៉ង់ស្ថិតក្នុងភាពឯកោទាំងស្រុងពីពិភពលោកខាងក្រៅ»។ ក្រុមអ្នកតវ៉ា រាយការណ៍ថា រដ្ឋាភិបាលអ៊ីរ៉ង់ បានកាត់ផ្ដាច់ទាំងអ៊ីនធើណិត និងប្រព័ន្ធទូរសព្ទជាអន្តរជាតិ ហើយការបិទខ្ទប់ព័ត៌មាន ធ្វើឱ្យជនជាតិអ៊ីរ៉ង់ដែលរស់នៅឯបរទេសមានការភ័យខ្លាច និងខឹងសម្បារយ៉ាងខ្លាំង ព្រោះពួកគេមិនអាចទាក់ទងគ្រួសារ ឬតាមដានសុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់នៅក្នុងប្រទេសបានឡើយ ។

រលកនៃបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមដំបូងនៅចុងខែធ្នូ ដែលបង្កឡើងដោយការដួលរលំនៃសេដ្ឋកិច្ច និងការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃតម្លៃរូបិយប័ណ្ណជាតិ។ ខណៈមន្ត្រីអ៊ីរ៉ង់ ទទួលស្គាល់ថា ការតវ៉ាផ្នែកសេដ្ឋកិច្ចគឺជារឿង «សមហេតុផល» ប៉ុន្តែពួកគេបានធ្វើការបន្ទោសសត្រូវពីខាងក្រៅ ថាជាអ្នកញុះញង់ឱ្យមានអំពើហិង្សាទាំងនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY