លោកណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអ៊ែល កំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅអ៊ីរ៉ង់
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីចុងសប្ដាហ៍កន្លងទៅ បានចេញមុខគាំទ្រជាសាធារណៈដល់ពលរដ្ឋអ៊ីរ៉ង់ ដែលកំពុងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ ។
លោកណេតាន់យ៉ាហ៊ូ បានកោតសរសើរចំពោះ «ភាពក្លាហានដ៏មោះមុត» របស់អ្នកតវ៉ា និងបានថ្កោលទោសការបង្រ្កាបដោយហិង្សាដែលបណ្តាលឱ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់យ៉ាងច្រើន។ លោក ណេតាន់យ៉ាហ៊ូ (Netanyahu) សង្ឃឹមថា ប្រទេសអ៊ីរ៉ង់នឹងត្រូវបានរំដោះពីរបបផ្តាច់ការ ដើម្បីឱ្យប្រទេសទាំងពីរអាចក្លាយជាដៃគូសន្តិភាព និងវិបុលភាពឡើងវិញ ។
ផ្ទុយទៅវិញ ថ្នាក់ដឹកនាំអ៊ីរ៉ង់នៅតែរក្សាគោលជំហររបស់ខ្លួន និងប្រកាសសង្គ្រាមប្រសិនបើមានការជ្រៀតជ្រែកពីខាងក្រៅ។ ក្នុងនោះ ប្រធានសភាអ៊ីរ៉ង់ លោក មហាម៉េដ បាកហ្គើ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) បានព្រមានពីការវាយប្រហារសងសឹកទៅលើអ៊ីស្រាអ៊ែល និងមូលដ្ឋានទ័ពអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ា ដោយលោកបញ្ជាក់ថា ទឹកដីអ៊ីស្រាអ៊ែល នាវា និងមូលដ្ឋានទ័ពអាម៉េរិក គឺជា «គោលដៅស្របច្បាប់» ប្រសិនបើអ៊ីរ៉ង់រងការវាយប្រហារពីប្រទេសខាងក្រៅ ។
ភាពចលាចលផ្ទៃក្នុងនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅចុងខែធ្នូ ដែលបញ្ហាចម្បងកើតចេញពីការដួលរលំផ្នែកសេដ្ឋកិច្ច។ ប្រជាពលរដ្ឋក្នុងរដ្ឋធានីតេហ៍រ៉ង់ និងទីក្រុងធំៗផ្សេងទៀត បានបង្ហាញវត្តមានតវ៉ានៅតាមដងផ្លូវ ដើម្បីប្រឆាំងនឹងអតិផរណាដែលកំពុងហក់ឡើងខ្ពស់ និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណជាតិយ៉ាងឆាប់រហ័ស ។
វិបត្តិសេដ្ឋកិច្ចនេះ បានបង្កើតបង្កឱ្យមានការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងបង្កជាកំហឹងប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ជុំវិញភាពចលាចលនេះ មន្ត្រីអ៊ីរ៉ង់ ទទួលស្គាល់ថា ការតវ៉ាផ្នែកសេដ្ឋកិច្ចគឺជារឿង «សមហេតុផល» ប៉ុន្តែពួកគេបានធ្វើការបន្ទោសសត្រូវពីខាងក្រៅ ថាជាអ្នកញុះញង់ឱ្យមានអំពើហិង្សាទាំងនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ CNN/ UGC via AP