អ៊ីស្រាអ៊ែល វាយប្រហារលើអគារមួយកន្លែងនៅភាគខាងត្បូងលីបង់ ដោយអះអាងថា ដើម្បីទប់ស្កាត់ចលនាក្រុមហេសបូឡាហ៍
លីបង់៖ កាលពីចុងសប្ដាហ៍កន្លងទៅ យន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើអគារមួយកន្លែងក្នុងភូមិ កាហ្វា ហាតា (Kfar Hatta) ភាគខាងត្បូងប្រទេសលីបង់។ យោងតាមកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា IDF អះអាងថា ទីតាំងនោះគឺជា «ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ក្រុមហេសបូឡាហ៍»។ ចំណែកឯរបាយការណ៍ក្នុងស្រុក ឱ្យដឹងថា បន្ទាប់ពីការវាយប្រហារព្រមាន ទីតាំងនោះត្រូវបានបាញ់ស្រោចចំនួន ១០ដង ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងដំណំ ។
កងទ័ពអ៊ីស្រាអ៊ែល អះអាងថា ប្រតិបត្តិការនេះ គឺជាការឆ្លើយតបចាំបាច់ទៅនឹងការប៉ុនប៉ងខុសច្បាប់របស់ក្រុមហេសបូឡាហ៍ ក្នុងការកសាងសកម្មភាពយោធាឡើងវិញនៅក្នុងតំបន់។ មុនពេលការទម្លាក់គ្រាប់បែកចាប់ផ្តើម អ្នកនាំពាក្យ IDF បានចេញបញ្ជាឱ្យជម្លៀសខ្លួនជាបន្ទាន់ ដោយព្រមានអ្នកស្រុកឱ្យនៅឆ្ងាយពីគោលដៅយ៉ាងហោចណាស់ ៣០០ ម៉ែត្រ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ។
ទោះបីជាមានការវាយប្រហារយ៉ាងខ្លាំងក្លាក៏ដោយ ក៏ក្រុមហេសបូឡាហ៍នៅតែរក្សាភាពស្ងប់ស្ងាត់ និងមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយទាក់ទងនឹងហេតុការណ៍នេះនៅឡើយទេ។ ការកើនឡើងកម្តៅនេះ បានបង្កើតឱ្យមានក្ដីបារម្ភអំពីស្ថិរភាពនៅក្នុងតំបន់ ខណៈភាគីទាំងពីរកំពុងតាមដានចលនាគ្នាទៅវិញទៅមកយ៉ាងដិតដល់នៅតាមបណ្តោយព្រំដែន ។
សកម្មភាពយោធាជាបន្តបន្ទាប់មកនេះ បានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអ៊ែល និងហេសបូឡាហ៍ បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការបន្តវាយប្រហារតាមអាកាសនេះ បង្ហាញថាបទឈប់បាញ់នៅតែមានភាពផុយស្រួយនៅឡើយ ដោយអ៊ីស្រាអ៊ែលនៅតែបន្តគោលនយោបាយវាយប្រហារ ចំពោះអ្វីដែលខ្លួនអះអាងថា ជាការប៉ុនប៉ងណាមួយរបស់ក្រុមហេសបូឡាហ៍ ក្នុងការរៀបចំបណ្តាញយោធាឡើងវិញនៅភាគខាងត្បូងលីបង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Rabih DAHER via AFP/
Quds News Network (QNN)